Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ដួង វណ្ណា ប្រគេន​ទៀនវស្សា និង​ទេយ្យទាន ដល់​ព្រះសង្ឃ​ចំនួន ៣ វត្ត ស្ថិត​ក្នុងស្រុក​កំពង់រោទិ៍​

​ខេត្តស្វាយរៀង​: លោកស្រី ដួង វណ្ណា លោកស្រី ពៅ សុភាព អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង រួមទាំង ប្រតិភូ​អមដំណើរ​នា​ព្រឹក​ថ្ងៃ ទី​៣ ខែកក្កដា ឆ្នាំ​២០២០ បាន​នាំយក​ទៀនវស្សា និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង វត្ត ចំនួន ៣ បន្ថែមទៀត គឺ​វត្ត ភ្នំស្រូវ វត្ត​ត្រពាំង​ថ្នា និង​វត្ត​ព្រៃក្តី ស្ថិតក្នុង​ឃុំ​រាជមន្ទីរ ស្រុក​កំពង់រោទិ៍ ។

​ក្នុងឱកាស​នោះ​លោកស្រី ដួង វណ្ណា ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្តស្វាយរៀង ដោយ​សម្តេច​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ។

​លោកស្រី​ក៏បាន​មានប្រសាសន៍​លើកឡើងថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ជាពិសេស​បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា​នេះ ឱ្យ​កាន់​តែមាន​ភាពរុងរឿង​ថ្កុំ​ថ្កើ​ន ឈានទៅ​គម្រប់ ៥ ពាន់​ព្រះវស្សា តាម​ពុទ្ធិ​បញ្ញត្តិ ។

​លោកស្រី​ក៏បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា នៅមាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ ១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​នោះបាន​ជាសះស្បើយ​ជា​បន្តបន្ទាប់ ។ ហេតុនេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត ក្នុង​ការពារ​សុខភាព និង​ធ្វើ​អនាម័យ​តាម​ការណែនាំ របស់លោក​គ្រូពេទ្យ និង​ការផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល​ជាប់​ជានិច្ច ពីព្រោះ​ជំងឺឆ្លង​កូ​វីដ ១៩ មិនទាន់​រលាយ បាត់​ពី​ផែនដី​នៅឡើយ​ទេ ព្រោះ​ជំងឺ​នេះ​កាច​សាហាវ​ណាស់ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ និង​អាចធ្វើ​មនុស្ស​បាត់បង់​ជីវិត​ភ្លាមៗ​ផងដែរ (​យើង​ភ្លេច​កូ​វីដ ១៩ ប៉ុន្តែ កូ​វីដ ១៩ មិន​ភ្លេច​យើង​នោះទេ​) ។

​លោកស្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹម​សត្វ ជាដើម ចំណែកឯ​អាជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕​ដោយ​៖​វ៉ៃ​កូ​

×