ភ្នំពេញ៖ ក្នុងវេទិកាជំនួបអ្នកធុរកិច្ចកំពូលៗលើកទី២ (2nd High Net Worth Meetup)អំពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានថ្លែងថា វិស័យអាទិភាពចំនួន ៥ សម្រាប់ការវិនិយោគនៅកម្ពុជា រួមមាន ឧស្សាហកម្មប្រភេទថ្មី សម្រាប់ឈានចូលទីផ្សារថ្មី ជាមួយផលិតផលមានតម្លៃខ្ពស់ ការឆ្នៃប្រឌិត និងការប្រកួតប្រជែង ដូចជាគ្រឿងបង្គំគ្រឿងចក្រ មេកានិច អេឡិចត្រូនិក និងមធ្យោបាយដឹកជញ្ជូន វិស័យ SME ដូចជាការផលិតសម្ភារសុខាភិបាល សម្ភារសំណង់ សម្ភារសម្រាប់វិចខ្ចប់នាំចេញ សម្ភារឧស្សាហកម្ម សិប្បកម្ម និងគ្រឿងសង្ហារឹម វិស័យកសិ-ឧស្សាហកម្មសម្រាប់នាំចេញក្រៅ និងទីផ្សារក្នុងស្រុក។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានធ្វើបទបង្ហាញស្តីអំពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា ក្នុងវេទិកាជំនួបអ្នកធុរកិច្ចកំពូលៗលើកទី២ (2nd High Net Worth Meetup) នៅការិយាល័យក្រុមហ៊ុន PLMP Venture Capital រាជធានីភ្នំពេញ។ ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីអ្នកធុរកិច្ចមកពីកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ចិន តៃវ៉ាន់ និងកូរ៉េ។
ឯកឧត្តមបានថ្លែងថា មូលហេតុសំខាន់ៗនៃការមកវិនិយោគនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្លាំងក្លានិងរឹងមាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមាន ស្ថេរភាពនយោបាយ សុខសន្តិភាព និរន្តភាពសេដ្ឋកិច្ច កំណើនម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាប ច្បាប់វិនិយោគមានការអនុគ្រោះច្រើន និងការអនុគ្រោះពន្ធជាដើម ជាពិសេស មានការរៀបចំវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជនក្នុងរយៈពេល ៦ខែម្តង ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន។
វិស័យអាទិភាពចំនួន ៥ សម្រាប់ការវិនិយោគនៅកម្ពុជា រួមមាន៖
1/ ឧស្សាហកម្មប្រភេទថ្មី សម្រាប់ឈានចូលទីផ្សារថ្មី ជាមួយផលិតផលមានតម្លៃខ្ពស់ ការច្នៃប្រឌិត និងការប្រកួតប្រជែង ដូចជាគ្រឿងបង្គំគ្រឿងចក្រ មេកានិច អេឡិចត្រូនិក និងមធ្យោបាយដឹកជញ្ជូន ជាដើម។
2/ វិស័យ SME ដូចជាការផលិតសម្ភារសុខាភិបាល សម្ភារសំណង់ សម្ភារសម្រាប់វិចខ្ចប់នាំចេញ សម្ភារឧស្សាហកម្ម សិប្បកម្ម និងគ្រឿងសង្ហារឹមជាដើម។
3/ វិស័យកសិ-ឧស្សាហកម្មសម្រាប់នាំចេញក្រៅ និងទីផ្សារក្នុងស្រុក។
4/ ឧស្សាហកម្មផ្គត់ផ្គង់សម្រាប់វិស័យកសិកម្ម ទេសចរណ៍ និងវាយនភណ្ឌ ក៏ដូចជាឧស្សាហកម្មបម្រើឲ្យចង្វាក់ផលិតកម្មថ្នាក់តំបន់ និងទីផ្សារសកល ជាដើម។
5/ ឧស្សាហកម្មបម្រើអោយខ្សែចង្វាក់ផលិតកម្មថ្នាក់តំបន់ និងសារសំខាន់ជាយុទ្ធសាស្ត្រនាពេលអនាគត ដូចជា ICT ថាមពល ឧស្សាហកម្មធុនធ្ងន់ និងបច្ចេកវិទ្យាបៃតង។
“ខ្ញុំសូមផ្តល់ការជឿទុកចិត្ត និងកោតសរសើរចំពោះក្រុមហ៊ុន PLMP Venture capital ក្នុងការបន្តប្រមែប្រមូលអ្នកវិនិយោគគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីមកបណ្តាក់ទុននៅកម្ពុជា លើវិស័យសំខាន់ៗដូចជា វិស័យភាគហ៊ុន និង SME ជាដើម ក្នុងការចូលរួមបង្កើតនូវឱកាសការងារ វឌ្ឍនភាព និងការអភិវឌ្ឍនៅកម្ពុជា” ឯកឧត្តមលី ធុជ អនុប្រធានទី ១ អាជ្ញាធរមីនបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
បើតាមឯកឧត្តមបានលើកឡើងថា “ខ្ញុំសូមជូនពរឲ្យក្រុមហ៊ុនមហ៊ុន PLMP Venture capita ទទួលបានជោគជ័យលើការងារធុរកិច្ចរបស់ខ្លួននៅកម្ពុជា ហើយកម្ពុជា បន្តស្វាគមន៍ និងគាំទ្រភាពជាដៃគូជាមួយវិស័យឯកជន សម្រាប់ការវិនិយោគនៅកម្ពុជា ផងដែរ”៕ ដោយ៖កូឡាប