ភ្នំពេញ÷ ប្រុសស្រីពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនវ៉ាជែងនឹងរថយន្តក៏ជ្រុលចង្កូតទៅបុកនឹងបង្កាន់
ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗរីឯស្ត្រី
ជិះពីខាងក្រោយរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ៩ និង ១០ នាទីយប់ ថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្រុសស្រីពីរនាក់ជិះម៉ូតូម៉ាកscoopy ពណ៌ខៀវ ដែលពាក់ផ្លាកលេខ បាត់ដំបង 1AI 8421ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន វ៉ាជែងរថយន្ត រួចក៏ជ្រុលចង្កូត ទៅបុកនឹងបង្កាន់
ដៃស្ពានពេញទំហឹងបណ្តាលឲ្យបាក់កស្លាប់បុរសម្នាក់ និងរបួសស្ត្រីម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។ បុរសដែលស្លាប់មានឈ្មោះ ទ្រីសីហា អាយុ ៣០ ឆ្នាំ ស្រុកកំណើត នៅស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរជាមេការសំណង់។ រីឯស្ត្រីរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោក ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តបាត់ដំបងតាមប្រពៃណី៕ ដោយ៖សា មេត