Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​មួយ​លក់​ឈើ​រួច​សម្អាត​ព្រៃដាំ​កូន​ប្រេងខ្យល់​ស្ដារ​អភិវឌ្ឍន៍​ឡើងវិញ​

ស្ទឹងត្រែង ​៖ ​ខេត្តស្ទឹងត្រែង​សម្បូរ​ព្រៃឈើ​ទើប​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​អ្នកវិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​។ ​ក្រុម​អ្នកជំនួញ​បាន​សម្លឹង​ឃើញ​ភូមិសាស្ត្រ​ខេត្ត​មួយ​នេះ​អំណោយផល​ដី​ធនធាន​ព្រៃឈើ​ជា​ប្រភព​ចំណេញ​ក្រាស់ក្រែល​ធ្វើការ​វិនិយោគ​រួចហើយនោះ​ក៏បាន​បង្កក់ដី​លក់​ក្រោមលេស​ផ្ទេរសិទ្ធិ​ទៅឱ្យ​អ្នក​ផ្សេងទៀត​វិនិយោគ​បន្ត​។ នៅ​ក្នុងនោះ​អ្នកគ្រប់គ្រង​បន្ត​គឺជា​ជនជាតិ​ចិន​និង​មេការ​ខ្មែរ​។​

គេ​សង្កេតឃើញថា​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ធ្វើការ​អភិវឌ្ឍ​តិចតួច​បំផុត​មិនបាន​គោរព​ទៅតាម​កិច្ចសន្យា​ឡើយ​។​ក្រុមហ៊ុន​ជាច្រើន​បាន​បោះបង់​ការរកស៊ី​ចោល​ក្រោយពី​កាប់​ឈើ​លក់​តាម​អំពើ​ចិត្ត​ហើយ​ត្រូវ​ប្រមុខ​រាជរដ្ឋាភិបាល​ដកហូត​ទុកជា​ដី​រដ្ឋ​វិញ​។​ក្រុមហ៊ុន​ខ្លះ​យក​លេស​ផ្ទេរ​សិទ្ធ​លក់​ទៅ​ឲ្យ​អ្នកផ្សេង​។​ក៏ប៉ុន្តែ​ក្រុមហ៊ុន​ធំៗ​ខ្លះ​ក៏បាន​អនុវត្ត​ត្រឹមត្រូវ​តាម​កិច្ចសន្យា​។​តែ​ក្រុមហ៊ុន​ខ្លះទៀត​គ្រាន់តែ​ជា​លេស​សម្រាប់​រកស៊ី​រួច​ផ្ទេរសិទ្ធិ​លក់​ដើម្បី​ចំណេញ​តែប៉ុណ្ណោះ​។​

តាម​ប្រភពព័ត៌មាន​មួយ​បាន​ទម្លាយ​ឲ្យ​ដឹងថា​ក្រុមហ៊ុន​សៀ ម៉ុ​ន​កំពុង​ទទួល​សិទ្ធិ​ប្រមូល​ដឹកជញ្ជូន​កូនឈើ​ចេញពី​តំបន់​ព្រៃ​ភូមិសាស្ត្រ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ទៅ​លក់​នៅ​ខេត្ត​ដទៃទៀត​។​

អ្នកដឹង​រឿងនេះ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​ក្រុម​អ្នក​អារឈើ​ជាច្រើន​នាក់​សម្រុក​ចូលទៅ​ស៊ីឈ្នួល​កាត់ឈើ​នៅ​ខាងក្រៅ​ផ្ទៃដី​ក្រុមហ៊ុន​រួច​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​ដើម្បី​ដឹកជញ្ជូន​ចេញពី​ក្រុមហ៊ុន​ចែកចាយ​ទៅ​លក់​បន្ត​តាម​បណ្តា​ខេត្ត​គោលដៅ​។​

ក្រុមហ៊ុន សៀ ម៉ុ​ន គឺជា​ក្រុមហ៊ុន​ចិន​ទើបនឹង​ផ្ទេរ​សិទ្ធ​គ្រប់គ្រង​បន្ត​។​ក្រោយពី​បាន​សិទ្ធិ​ភ្លាម​ក្រុមហ៊ុន​មួយ​នេះ​បានរៀបចំ​កម្លាំង​ដាក់​ត្រង់​ស័​រ​ន័​រ​ជាច្រើន​គ្រឿង​ដើម្បី​កាត់​រំលំ​ឈើ​ក្រៅ​រង្វង់​ក្រុមហ៊ុន និង​ប្រមូល​ដឹកជញ្ជូន​តាម​គោយន្ត​ចូល​ក្រុមហ៊ុន អារ​ជ្រៀក​ទៅជា​ឈើ​ស្របច្បាប់​និង​មានការ​ត្រួតពិនិត្យ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង​តំបន់​នោះ​។​នេះ​ហាក់បីដូច​ពាក្យចាស់​និយាយថា​កន្ទេល​ធំ​បន្លំ​ដេក​។​

ប្រ​ភ​ព័ត៌មាន​បាន​បន្តថា​ក្រុមកម្មករ​ជាច្រើន​នាក់​មកពី​ភូមិ​វឌ្ឍនៈ​ខេត្តក្រចេះ​រួមជាមួយ​ម៉ា​ស៉ី​ន​ត្រង់​ស័​រ​ន័​រ​លើសពី​៤០​គ្រឿង​ត្រូវបាន​មេការ​នាំមក​អារឈើ​ក្រៅ​រង្វង់​ក្រុមហ៊ុន​រួច​ដឹក​ចូល​ក្រុមហ៊ុន​។​

សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​គិត​ចាប់តាំងពី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​មាន​រថយន្ត​ចំនួន​៧ ​គ្រឿង ​ហើយ​ផ្ទុក​ទៅដោយ​ឈើ​លេខ​១​ឆ្ពោះទៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពុងធំ​​។​ នៅ​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០២០​រថយន្ត​ជា​​ច្រើន​គ្រឿង​ដឹកឈើ​ចេញ​បន្ត​ពី​ក្រុម​ហ៊ុ​​ន​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹង​ត្រែង​​ឆ្លងកាត់​ខេត្តព្រះវិហារ​ហើយ​មាន​រថយន្ត​ខ្លះ​បែក​កង់​តាមផ្លូវ​ទំនងជា​ដឹង​លើស​ទម្ងន់​ខ្លាំងពេក​។​ហើយ​ក្រុមការងារ​អ្នកសារព័ត៌មាន​ថត​ឃើញ​ឈើ​អារច្រៀក​ជា​បន្ទះ​រួចស្រេច​។​

យោងតាម​ការចេញផ្សាយ​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​កាលពី​ថ្ងៃទី 27 ខែឧសភា​ឆ្នាំ 2019​ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ដាំ​ឈើ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ឆ្នាំ​២០១៧ ក្នុង​ភាពជា​ដៃគូ​ដាំ​ឈើ​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​សៀម​ប៉ាង លើ​ផ្ទៃដី ២៦.៩៩០​ហិកតា​។ ក្រុមហ៊ុន​សម្រេចបាន​ស​មិទ្ធ​ផល​សំខាន់ៗ​ដូចជា​សាង សង់​រចនាសម្ព័ន្ធ​ផ្លូវ អគារ​រដ្ឋបាល អគារ​ស្នាក់នៅ ប្រព័ន្ធ​ស្រោចស្រព ថ្នាល​ពិសោធន៍ និង​ថ្នាល​បណ្តុះ​កូនឈើ​។ ក្រុមហ៊ុន​បាន​យក​កូនឈើ​ប្រេងខ្យល់ ៦​ពូជ ចំនួន ៣០០​ពាន់​ដើម ពី​ប្រទេស​ចិន និង​កំពុងធ្វើការ​បណ្តុះ​ចំនួន ១​លាន​ដើម​ទៀត ដើម្បី​ដាំ​សាកល្បង​។ លទ្ធផល​បាន​បង្ហាញ​ថា​ក្នុងចំណោម​ពូជ​ទាំង ៦ មាន​២​ពូជ គឺ​ពូជ G9 និង G26 មានការ​លូតលាស់​បាន​ល្អ​កម្ពស់​ជាង ២​ម៉ែត្រ តែ​ក្នុង​រយ​:​ពេល ៦​ខែ​ប៉ុណ្ណោះ​។

ហេតុផល​នេះ ក្រុមហ៊ុន​បានសម្រេច​បញ្ជា​ទិញ​ពូជ​ទាំង ២ ប្រភេទ​នេះ ចំនួន ៣​លាន​ដើម យកមក​ដាំ​លើ​ផ្ទៃដី​ដែល​បាន​ឈួ​ស​ឆាយ​រួច​សរុប​ចំនួន ៩០០​ហិកតា ក្នុង​ឆ្នាំ​២០១៩​។​

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​ខិតខំ​អនុវត្ត​ឲ​បាន​តាម​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង ជាពិសេស​ព្យាយាម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន​នូវ​ផែន​ការដាំដុះ​របស់​ក្រុមហ៊ុន​។ ទន្ទឹមនឹងនេះ ត្រូវ​បន្ត​ផ្តល់​កិច្ចសហការ​ឲ្យ​បានល្អ​ជាមួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ជាពិសេស​អាជ្ញាធរ​ដែន​ដី​គ្រប់លំដាប់​ថ្នាក់​ប្រយោជន៍​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ការអភិវឌ្ឍ​ដី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។ មួយវិញទៀត ក្រុមហ៊ុន​គួរ​ពិនិត្យ​ពិចារណា​ផ្តល់​ការងារ​ជូន​ប្រជាជន​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​តាម​អាចធ្វើ​ទៅបាន ដើម្បី​ឲ្យ​ពួកគេ​មានការ​ងារ​ធ្វើ មាន​ចំណូល និង​កាត់បន្ថយ​ចំណាកស្រុក​៕ ដោយ​៖​សុខុម​

×