ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ជុក មន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចុះជួយក្រុង បាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងប្រជាការពារក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
មានប្រសាសន៍ទៅកាន់ពិធីនេះ លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែនធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់ សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រ១ និងក្រ២ អំឡុងពេលដែលមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។
លោកបានបន្តថា សម្រាប់ប្រជាការពារ គឺជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋក្នុងភូមិឃុំរបស់យើង ហើយកម្លាំងនេះក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានផងដែរ។
លោកបានផ្តាំផ្ញើដល់អាជ្ញាធរក្រុង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងពង្រឹងសន្តិសណ្តាប់ធ្នាប់សង្គម និងការការពារទប់ស្កាត់ការរំលោភយកដីចំណីព្រែក ដីប្រឡាយ បឹងបួរ ដែលជារបស់រដ្ឋ៕ដោយ៖ វ៉ៃកូ