Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​បាន​អះអាងថា ប្រទេសជាតិ​រឹងមាំ​គឺ​ផ្អែកលើ​វិស័យ​ការពារជាតិ​ខ្លាំង

​កំពង់ស្ពឺ​៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ប្រទេសជាតិ​រឹងមាំ​គឺ​ផ្អែកទៅលើ​វិស័យ​ការពារជាតិ​ខ្លាំង ហើយ​វិស័យ​ការពារជាតិ​ខ្លាំង គឺ​ដោយសារ​កងទ័ព​យើង​ខ្លាំង​។ នាយទាហាន​ជំនាន់​មុន​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ការពារជាតិ ដើម្បី​បុព្វហេតុ​ជាតិ មកដល់​យើង​សព្វថ្ងៃនេះ ដូច្នេះ​យើង​ត្រូវ​បន្ត​ថែរក្សា​នូវ​កេរ​មរតក​នេះ​ទៅមុខទៀត ដោយ​ឈរលើ​មូល​ដ្ឋា​នៃ​ស្មារតី​ឆន្ទៈ បទពិសោធន៍ ហើយ​បូកផ្សំ​ជាមួយនឹង​សមត្ថភាព​ជាក់ស្តែង​។​

​ការលើកឡើង​បែបនេះ ខណៈ​ឯកឧត្តម ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនា​ន់ទី​២ បំពេញ​ក្របខ័ណ្ឌ​ឲ្យ​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ ឆ្នាំ​២០២០ មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ នា​ព្រឹក ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្តម បាន​បន្ថែមថា ការហ្វឹកហ្វឺន​ពលទាហាន​ឱ្យមាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់ គឺជា​កត្តា​សំខាន់បំផុត​ដែល​ធ្វើឱ្យ​កងទ័ព​របស់​យើង​ខ្លាំង​ហើយ​អាច​ការពារជាតិ​មាតុភូមិ​របស់​យើង​បានយូរ​អង្វែង​ទៅមុខទៀត​។ ការហ្វឹកហ្វឺន​ត្រូវ​ផ្អែកលើ​កត្តា​ពីរ ទីមួយ​គឺ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ទី​ពីរ​គឺ​កត្តា​សមត្ថភាព​ដោយមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​។ នេះហើយ​ជា​ស្មារតី​ជាតិនិយម ដើម្បី​បង្កើន​នូវ​ភាពជឿ​ទុកចិត្ត​លើ​ខ្លួនឯង​នៅក្នុង​ការធានា​ម្ចាស់ការ​លើ​អនាគត​របស់​យើង​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា យោធា​ចា​រ្យ​មាន​តួនាទី​សំខាន់​ណាស់​។ អាជីព​ជា​យោធា​ចា​រ្យ មាន​លក្ខណៈពិសេស​ពីរ ទីមួយ​គឺ​យើង​បាន​ចូលរួម​ដោយផ្ទាល់​ក្នុងការ​បម្រើ​ជាតិ​តាមរយៈ​ការបង្រៀន​ពលទាហានរ​បស់​យើង​ឱ្យមាន​មូលដ្ឋាន​ក្នុងការ​ការពារ​ខ្លួន ក៏ដូចជា​ការពារ​អង្គភាព ធានាបាន​នូវ​ជោគជ័យ​ក្នុងការ​បំពេញភារកិច្ច ដែលជា​មោ​ទ​ភាព​ក្នុងការ​ចូលរួមចំណែក​ការពារជាតិ​តាមរយៈ​ការបណ្តុះបណ្តាល​នូវ​វីរជន​ឆ្នើមៗ ទី​ពីរ​គឺ​យោធា​ចា​រ្យ​ទទួលបាន​នូវ​កិត្តិយស​មហាសាល​ដែល​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​សិស្ស​គ្រប់រូប ក្នុងនាម​ជា​អ្នកមានគុណ​ដែល​បានផ្តល់​នូវ​ចំណេះដឹង​ដល់​ពួកគេ​។

​ឯកឧត្តម លើក​បង្ហាញ ដល់​សិក្ខាកាម និង​យោធា​ចា​រ្យ ឱ្យ​យល់​អំពី​តម្លៃ​នៃ​អាជីព​មួយ​នេះ ហើយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ហ្វឹកហ្វឺន និង​ចេញទៅ​បំពេញភារកិច្ច​បង្រៀន​នៅតាម​បណ្តា​សាលា ប្រកបដោយ​ឆន្ទៈ និង​មនសិកា​ខ្ពស់​ចេញពី​បេះដូង​។ ឯកឧត្តម បាន​បន្តថា​សូម​យល់​ផងដែរ​អំពី​អត្ថប្រយោជន៍​នៃ​អាជីព​មួយ​នេះ តាមរយៈ​ការ​ចោទ​សួរថា តើ​យើង​បាន​បន្សល់ទុក​អ្វីខ្លះ​ជូន​កងទ័ព​យើង​បន្ទាប់ពី​ការចូលនិវត្តន៍​ទៅ គឺ​យោធា​ចា​រ្យ​ម្នាក់​អាច​បន្សល់ទុក​នូវ​យោធិន​រាប់ពាន់នាក់​ដែល​យើង​បាន​ចូលរួម​បណ្តុះបណ្តាល រួមទាំង​ការ​បន្សល់ទុក​នូវ​ប្រព័ន្ធ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​អប់រំ​កងទ័ព បន្ត​ទុកឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​។ ដូច្នេះហើយ​ឱកាស​ជា​យោធា​ចា​រ្យ​នេះ គឺជា​ឱកាស​ពិសេស​មួយ​ដែល​សិក្ខាកាម​យើង​អាច​ចូលរួម​ក្នុង​ការកសាង​សមិទ្ធិផល​សម្រាប់​កងទ័ព​តាមរយៈ​ការកសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​៕ ដោយ​៖​កូ​ឡាប​


×