ស្ទឹងត្រែង៖ឈ្មួញរកស៊ីឈើដ៏មានឥទ្ធិពលម្នាក់ បានដឹកជញ្ជូនឈើពីខាងក្រៅទីតាំងចូលដីក្រុមហ៊ុន សៀ ម៉ុន ជ្រកក្រោមអាជ្ញា ប័ណ្ណស្របច្បាប់ ស្ដារអភិវឌ្ឍន៍ព្រៃរេចរឹល នៅតំបន់សៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រុមហ៊ុន សៀ ម៉ុន ( SIEMON CAMBODIA AGRICULTURE COMPREHENSIV DEVELOPMENT CO., LTD) កំពុងដាក់កម្មករនិងរថយន្តច្នៃធ្វើសកម្មភាពកាប់ដឹកជញ្ជូនឈើ ក្រៅបរិវេណដីក្រុមហ៊ុន រួចហើយប្រមូលឈើ មកដាក់នៅក្នុងក្រុមហ៊ុន ដើម្បីអាច្រៀកដឹកចេញទៅកាន់បណ្តាខេត្តគោលដៅ។
តាមប្រភពព័ត៌មានបានទម្លាយឲ្យដឹងថា មេការទទួលខុសត្រូវកាប់ឈើ ក្នុងដីក្រុមហ៊ុនកំពុងធ្វើសកម្មភាពផ្ទុយ ពីគោលការណ៍កិច្ច
សន្យាជាមួយរាជរដ្ឋាភិបាល។ ដោយប្រមូលឈើពីក្រៅយកមកអារច្រៀក ក្នុងក្រុមហ៊ុនឲ្យទៅជាឈើស្របច្បាប់ និងមានការអនុញ្ញាតត្រឹមត្រូវពីជំនាញរដ្ឋបាលព្រៃឈើ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លេខ១២០ សជណ.កស ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ថាក្រុមហ៊ុន សៀ ម៉ុន បានទទួលសិទ្ធិវិនយោគជាមួយរាជរដ្ឋាភិបាល លើទំហំដីចំនួន ៣.០១៩៣ហិកតា ស្ថិតនៅក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង បច្ចុប្បន្នត្រូវបានកាត់មកឲ្យ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ក្រោយពីទទួលបានសិទ្ធិវិនិយោគក្រុមហ៊ុនមួយនេះ មិនបានអនុវត្តទៅតាមគោលការណ៍កិច្ចសន្យាឡើយ។ ក្រុមហ៊ុនបែរជាដាំដំណាំឪឡឹកនិងក្រូចវល្លិ៍ហើយគ្មានអ្វីក្រៅពីដឹកឈើចេញនោះទេ។
ឈ្មួញដ៏មានឥទ្ធិពលម្នាក់ ដែលគេស្គាល់ថាឈ្មោះយីម ស្នា ជាមេការក្រុមហ៊ុន សៀ ម៉ុន បានកាប់ឈើពីខាងក្រៅ ហើយនាំចូលទៅស្តុកទុកក្នុងដីក្រុមហ៊ុន ជ្រកក្រោមស្លាកអាជ្ញាប័ណ្ណស្របច្បាប់ ដើម្បីដឹកចេញបន្តទៅកាន់ទីផ្សារ ។
គេឃើញមានរថយន្តយីឌុបធំៗ បានដឹកឈើចេញពីក្រុមហ៊ុន សៀ ម៉ុន ជាច្រើនគ្រឿង ហើយឈើនៅលើរថយន្តទាំងនេះ សុទ្ធតែជាឈើដែលមានមុខកាត់ធំៗ ផ្ទុយពីខ្នាតឈើដែលបានកាប់មកពីព្រៃឈើរេចរឹលក្នុងដីក្រុមហ៊ុន ។
ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា យោងតាមការអនុញ្ញាតពីក្រសួងកសិកម្ម ឲ្យកាប់ស្តារ និងនាំឈើចេញ គឺមានខ្នាតត្រឹម តែ២៥សង់ទីម៉ែត្រ (២,៥តឹក) ចុះក្រោមប៉ុណ្ណោះ ។ ប៉ុន្តែឈើដែលកាប់ពីក្រៅតំបន់ដីក្រុមហ៊ុន សុទ្ធតែមុខកាត់ធំៗ លើសពីច្បាប់អនុញ្ញាតទៅទៀត។
ពាក់ព័ន្ធនឹងករណីនេះ មិនអាចសុំការពន្យល់ពីនាយកក្រុមហ៊ុន សៀ ម៉ុន និងលោក យីម ស្នា មេការទទួលខុសត្រូវបាននៅឡើយទេ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ មេធាវី ហេង សុទ្ធរ៉ា តំណាងក្រុមហ៊ុន សៀ ម៉ុន បានថ្លែងថា ក្រុមហ៊ុនយើងខ្ញុំ មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។ ការប្រមូលផលឈើ និងអនុផលព្រៃឈើតែក្នុងតំបន់១ និងអនុតំបន់ 6B នៃស្ថានីយដាំឈើសៀមប៉ាងតែប៉ុណ្ណោះ ដើម្បីរៀបចំដីសម្រាប់ដាំដើមឈើឡើងវិញតាមផែនការមេរបស់ក្រុមហ៊ុន។ ហើយការអនុវត្តការងារនេះគឺក្រុមហ៊ុនបានបង់ប្រាក់សួយសារ និងបុព្វផលចូលថវិការដ្ឋរួចហើយ ដោយស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ៕ ដោយ៖សុខុម