Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ក្រចេះ ជំរុញ​ការទប់ស្កាត់​ការកាប់​ទន្ទ្រាន​យក​ដី​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ​

​ក្រចេះ​៖ អភិបាលខេត្ត​ក្រចេះ បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​បុគ្គល​ជា​មន្ត្រី​មាន​សមត្ថកិច្ច ដែល​បញ្ជាក់ ឬ​ហត្ថលេខា​លើ​លិខិតស្នាម ឬ​ឯកសារ​មិន​ស្របច្បាប់​នានា ពាក់ព័ន្ធ​នឹង​ដីធ្លី ។

​នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការជំរុញ​ការទប់ស្កាត់​ការកាប់​ទន្ទ្រាន​យក​ដី​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ​ខេត្តក្រចេះ​។​

​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់ថា ៖ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​តម្រូវឱ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​កាត់​ឆ្វៀល​ដី​និង​ផ្ដល់​កម្មសិទ្ធិ​ដី ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​មកហើយ នៅលើ​ទីតាំង​ដី​ដែល​ស្ថិតនៅក្នុង​ផែនទី​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ​នៅតាម​បណ្ដា​ខេត្ត និង​ត្រូវ​បន្ថែម​ការត្រៀម​បម្រុង​ដី ១០% សម្រាប់​ការប្រើប្រាស់​រួម​របស់​សហគមន៍ ដើម្បី​ទប់ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មានការ​រុករាន​ទន្ទ្រាន​ដី ដោយ​ខុសច្បាប់​បន្តទៀត ដើម្បី​បង្ការ​កុំ​ឲ្យ​ក្លាយជា​សង្គ្រាម​ដីធ្លី​។​

​ឯកឧត្តម​អភិបាលខេត្ត បានធ្វើ​ការជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ -​ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​គ្រប់គ្រង​នូវ​ទិន្នន័យ និង​ស្ថិតិ​ប្រជាពលរដ្ឋ និង​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កា​ប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​មកហើយ នៅលើ​ទីតាំង​ដី​ដែល​ស្ថិតនៅក្នុង​ផែនទី​តំបន់​ការពារ​ធនធានធម្មជាតិ និង​គម្រប​ព្រៃឈើ​នៅតាម​បណ្តាល​ស្រុក​នានា ដើម្បី​ចាត់ចែង​ការធ្វើការ​កាត់​ឆ្វៀល​ដី និង​ផ្ដល់​កម្មសិទ្ធិ​ដី​ជូន​ពួកគាត់ ព្រមទាំង​ត្រៀម​រៀបចំ​បម្រុង​ដី​១០% សម្រាប់​ការប្រើ​ប្រាក់​រួម​របស់​សហគម​ន៍​។ ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សភាពការណ៍​វិ​វត្ត ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃ​ដើម្បី​បង្ការ​ទប់ស្កាត់ កុំ​ឱ្យមាន​និន្នាការ​រៀនទន្ទ្រាន​កាន់កាប់​ដីព្រៃ ឬ​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បន្ថែមទៀត​។ រាល់​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ថ្មី​នៅ​ដីព្រៃ ឬ​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ត្រូវ​ហាមឃាត់​ដាច់ខាត និង​ត្រូវ​ប្រើប្រាស់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឲ្យ​តឹងរឹង និង​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់ ។ ត្រូវខិតខំ​អប់រំ​ណែនាំ និង​បកស្រាយ​បំភ្លឺ អំពី​ស្ថានភាព​នៃ​ការកាន់កាប់​ដីធ្លី របស់​ប្រជាពលរដ្ឋ និង​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រឹងប្រែង​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​មិនត្រូវ​ជឿ​តាម​ការ​ញុះញង់ អូសទាញ​របស់​មេខ្យល់ ឬ​ជនខិលខូច​មួយចំនួន ដែល​ឆ្លៀតឱកាស​កេង​យក​ផលប្រយោជន៍ ឬ​កេងចំណេញ​ពី​បញ្ហាដីធ្លី​នេះ ករណីនេះ​ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​មេខ្យល់​និង​ជនខិលខូច​ទាំងនោះ ស្របតាម​ច្បាប់​ជា​ធរមាន ។ ចំពោះ​ទីតាំង​ដីធ្លី​ដែលមាន​ទំនាស់ ត្រូវខិតខំ​សម្រុះសម្រួល​ដោះស្រាយ​ដោយ​សន្តិវិធី តម្លាភាព សុ​ច្ចរិតភាព និង​យុត្តិធម៌ ដោយ​ត្រូវ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្រាវជ្រាវ​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់ ពី​សាវតារ​ដី​ទំនាស់ សាវតា​ប្រជាពលរដ្ឋ និង​ការទាមទារ​តវ៉ា​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើជា​មូលដ្ឋាន​បង្អែក​សម្រាប់​ទាញហេតុផល ក្នុងការ​សម្រុះសម្រួល និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ។ ត្រូវ​ណែនាំ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ឲ្យ​ធ្វើការ​បញ្ជាក់ ឬ​ចុះហត្ថលេខា​លើ​លិខិតស្នាម ឬ​ឯកសារ​នានា​ពាក់ព័ន្ធ​ដីធ្លី ឲ្យ​បាន​ត្រឹមត្រូវ តាមច្បាប់​បែបបទ​នីតិវិធី និង​គោលការណ៍​ណែនាំ​ជា​ធរមាន​។​

​អភិបាលខេត្ត បាន​ថ្លែងបន្តថា ទន្ទឹមនេះ ត្រូវ​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​បុគ្គល​ជា​មន្ត្រី​មាន​សមត្ថកិច្ច ដែល​បញ្ជាក់​ឬ​ហត្ថលេខា​លើ​លិខិតស្នាម ឬ​ឯកសារ​មិន​ស្របច្បាប់​នានា​ពាក់ព័ន្ធ​នឹង​ដីធ្លី ក្នុងការ​ចាត់ចែង​អនុវត្ត​ការងារ​ខាងលើនេះ រដ្ឋបាល​ក្រុង​-​ស្រុក​ត្រូវ​រាយការណ៍ និង​ស្នើសុំ​យោបល់​ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មន្ទីរ​បរិស្ថាន និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ស្របតាម​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់​មន្ទីរ​ពាក់ព័ន្ធ​នីមួយៗ​។ ក្នុងន័យនេះ​អាជ្ញាធរខេត្ត​ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ ត្រូវខិតខំ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​ធនធានធម្មជាតិ ការពារ​ដីធ្លី​សាធារណៈ ដី​សហគមន៍ និង​ចូលរួម​អនុវត្ត​ច្បាប់​ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការចូល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ ការរាន​ព្រៃ​ដើម្បី​កាន់កាប់​ដី ការចូល​ទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​សហគមន៍ និង​ដីឯកជន​តាម​គ្រប់រូប​ភាព​ក្នុង​ខេត្តក្រចេះ​៕
​ដោយ​៖​កូ​ឡាប​

×