ភ្នំពេញ៖ ឃាតករដែលសម្លាប់ប្រពន្ធខ្លួនឯង ហើយយកពូថៅញាត់ចូលទៅក្នុងមាត់ប្រពន្ធនោះ រួចរត់គេចខ្លួនបាត់រយៈពេល២ថ្ងៃ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនហើយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ។
អំពើឃាតកម្មដ៏ព្រៃផ្សៃនេះ កើតឡើងនៅវេលាម៉ោង ៧ យប់ ថ្ងៃសៅរ៍ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងស្តិតនៅត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូមួយកន្លែង នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណ ដោយមានវ័យប្រហែល៣០ឆ្នាំ សព្វថ្ងៃស្នាក់ស្ត្រីរងគ្រោះស្នាក់ក្នុងខ្ទមជាមួយនិងប្តីនៅត្រង់ចំណុចកើតហេតុ និង មានមុខរបរ ជាអ្នករើសអេតចាយជាមួយគ្នា ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ថា មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម តែមិនដឹងថាជាករណីអ្វីពិតប្រាកដ ទើបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើលឃើញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ និងមានស្នាមឈាមតិចតួចផងដែរ ទើបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ ទៅលើស្ត្រីដែលស្លាប់ ហហើយក្នុងហេតុការណ៍ខាងលើនេះដែរ មិនឃើញបុរសត្រូវជាប្ដី នៅកន្លែងកើតហេតុនោះទេ ហើយជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ ។
បន្ទាប់ពីមន្ត្រីជំនាញកោសល្យវិច័យបានពិនិត្យទៅលើសពជនរងគ្រោះជាង២ម៉ោង ទើបបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះត្រូវបានឃាតករ យកដងពូថៅញាត់មាត់ បណ្ដាលឲ្យស្លាប់ និងដាក់ការសង្ស័យជំហានដំបូង គឺជាប្ដីរបស់ជនរងគ្រោះតែម្ដង ៕ដោយ៖កូឡាប