ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ ចុះទៅពិនិត្យមើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ហើយនឹងឆ្លៀតឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។
បើតាមរយៈទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister នាព្រឹកថ្ងៃទី១៤កក្កដានេះ បានឲ្យដឹងថា “នៅព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ហើយនឹងឆ្លៀតឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែងផងដែរ ប្រសិនបើពេលវេលាអនុញ្ញាត”។
«ស្ថានីយ៍ផលិតកូនត្រីពូជ» នេះបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយរដ្ឋបាលជលផល សហការជាមួយអង្គការប៉ាដិក លើផ្ទៃដី១៦ហិកតា។ មកដល់ឆ្នាំ២០០៨ ក្រសួងកសិកម្មបានប្តូរឈ្មោះនិងបង្កើតទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរហូតមកដល់សព្វថ្ងៃ។
មជ្ឈមណ្ឌលនេះ បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករចិញ្ចឹមទូទាំងប្រទេស និងលែងចូលទៅក្នុងដែនទឹកសាធារណៈ និងស្រះជម្រកត្រីសហគមន៍ជដើម។
សម្តេចបានមានប្រសាសន៍ថា “យើងនាំគ្នាបំផុសចលនាប្រជាកសិករ ឱ្យចូលរួមដាំដុះដំណាំស្បៀង តាមគោលការណ៍អភិវឌ្ឍន៍បៃតង ចិញ្ចឹមសត្វ និងវារីវប្បកម្ម ឱ្យបានសកម្មនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាកំពុងមានការអភិវឌ្ឍ ពីប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្មវិញនេះ”៕
ដោយ៖កូឡាប