ភ្នំពេញ÷រថយន្តកុងតឺន័រមួយគ្រឿងបានក្រឡាប់ផ្ងារជើងក្រោយពីបើកទៅបុករះផ្ទះប្រជាពលរដ្ឋ បណ្តាលរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គួឲ្យភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង២ និង ០០ នាទីទៀបភ្លឺឈានចូលថ្ងៃពុធទី១៥ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ វេងស្រេង ក្នុងភូមិជ្រៃកោងស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានអង្គុយហូបស្រាក្រឡុកជាមួយមិត្តភក្តិ ស្រាប់តែភ្លាមនោះដែរគាត់ឃើញរថយន្តប្រភេទកុងតឺន័រមួយគ្រឿងដែលពាក់ផ្លា កលេខភ្នំពេញ 3C -2367 ធ្វើដំណើរក្នុងទិសដៅពីរ លិចមកកើតក្នុងល្បឿនយ៉ាងលឿនជិតមកដល់ចំណុចកើតហេតុផ្លូវកោងក៏បានជ្រុលចង្កូតទៅបុកលូ រួចបានរុលទៅបុកផ្ទះ ២កន្លែង និងទៅបុកកន្លែងលក់ស្រាក្រឡុក បណ្តាលឲ្យរថយន្តកុងតឺន័រក្រឡាប់ផ្ងារជើង។
ពេលកើតហេតុភ្លាមនោះដែរតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោលទៅ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះមិនបង្កឲ្យប៉ះពាល់និងរងរបួសទៅលើប្រជាពលរដ្ឋ ណាមួយទេគឺ រងការខូចខាតតែរថយន្ត និងផ្ទះ ២កន្លែង លូ និងកន្លែងលក់ស្រាក្រឡុក។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងរួចយករថយន្តស្ទូចដើម្បីស្ទូចយករថយន្តប្រភេទកុងតឺន័រមួយគ្រឿង ដើម្បីរក្សាទុករង់ចាំដោះស្រាយជាមួយនិងម្ចាស់ផ្ទះនៅពេលក្រោយផងដែរ៕ ដោយ៖ សា មេត