កាសែត Bankok Post នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានចុះផ្សាយថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់អតីតសមាជិកសភាបក្សប្រឆាំងកម្ពុជា នៅ ក្នុងសង្កាត់ Phra Nakhon នៃទីក្រុងបាងកក កាលពីសប្តាហ៍មុន បានបដិសេធមិនបង្ហាញមេក្លោងនៅពីក្រោយ នៃការធ្វើឃាតនេះទេ ដោយបារម្ភពីសុវត្ថិភាពគ្រួសាររបស់គាត់ នេះបើយោងតាមប៉ូលីស។
ឧត្តមសេនីយ៍ទោ Atthaporn Wongsiripreeda មេបញ្ជាការកងពលធំទី១ នៃស្នងការដ្ឋាននគរបាលជាតិថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា លោក Ekkalak Pheanoi ត្រូវបានសាកសួររហូតដល់ម៉ោងប្រហែល១០យប់ថ្ងៃសៅរ៍។ អតីតទាហានជើងទឹកអាយុ ៤២ ឆ្នាំរូបនេះ បានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់លោក លឹម គឹមយ៉ា ប៉ុន្តែបដិសេធមិនស្គាល់អត្តសញ្ញាណមេក្លោងនៅពីក្រោយទេ។
លោក Atthaporn បាននិយាយថា “ជននេះបានបដិសេធមិនផ្តល់ព័ត៌មានស៊ីជម្រៅ… ដោយខ្លាចថាព័ត៌មានបែបនេះនឹងប៉ះពាល់ដល់គណបក្សមួយចំនួន ហើយគាត់មិនចង់បង្កបញ្ហាដល់គ្រួសារគាត់ និងអ្នកដទៃដែលនៅជិតគាត់ទេ”។
ដោយឡែក បើយោងតាមការចុះផ្សាយរបស់កាសែត The Nation លោក Atthaporn បាននិយាយថា ក្នុងអំឡុងពេលសួរចម្លើយដំបូង ជនសង្ស័យ អេកាឡាក់ បានទទូចថា លោកមិនបានទទួលប្រាក់ឈ្នួលអ្វីទេ ដោយបាននិយាយថា គាត់ធ្វើវាដើម្បីជាការតបស្នងដល់បុគ្គលម្នាក់ ព្រោះពេលគាត់មានបញ្ហា បន្ទាប់ពីត្រូវគេបណ្តេញចេញពីការងារ គឺបានបុគ្គលមានគុណម្នាក់នោះ ជាអ្នកជួយគាត់ផ្នែកហិរញ្ញវត្ថុ។
លោក Atthaporn បានថ្លែងថា នៅពេលដែលអ្នកមានគុណសុំការអនុគ្រោះមួយនេះ អេកាឡាក់ បាននិយាយថា គាត់ស្ទាក់ស្ទើរមួយរយៈសិន មុននឹងយល់ព្រមធ្វើ ដើម្បីតបស្នងនូវសេចក្តីសប្បុរសពីអតីតកាល។
ទីបំផុត Ekkalak បានទទួលយកការងារនេះក្នុងតម្លៃ ៦ ម៉ឺន បាត ជាមួយនឹងការទូទាត់ដំបូងចំនួន ៣ម៉ឺន បាត។ គាត់បានប្រើប្រាស់ប្រាក់នេះ ដោយដកអស់ចំនួន 2000 បាត ដើម្បីលោះកាំភ្លើងដែលដាក់បញ្ចាំ។
ការសម្រេចចិត្តទទួលយកការងារនេះ បានធ្វើឱ្យគាត់ចំណាយពេលប្រហែល ២៤ ម៉ោង ខណៈដែលដំបូងគាត់បានបដិសេធ។ ប៉ុន្តែត្រូវបានបញ្ចុះបញ្ចូល ដោយសារតែអ្នកមានគុណបានទូរស័ព្ទម្ដងហើយម្ដងទៀត។ ហើយការអះអាងនេះ ស្របនឹងភស្តុតាងដែលរកឃើញនៅលើទូរសព្ទដៃរបស់គាត់។ តែទោះបីជាយ៉ាងណា ប៉ូលិសមិនបានបង្ហាញថា តើអ្នកមានគុណនោះជាជនជាតិថៃ ឬជនជាតិខ្មែរនោះទេ។
ប៉ូលីសបាននិយាយថា វាដូចជាលឿនពេកហើយក្នុងការនិយាយថា តើ អ្នកមានគុណ របស់ជនសង្ស័យ នឹងក្លាយជាមេខ្លោងនៅពីក្រោយ នាពេលខាងមុខនេះ។
លោក Atthaporn បានបន្តថា ការស៊ើបអង្កេត និងវិភាគឲ្យបានហ្មត់ចត់ រួមនឹងភ័ស្តុតាង គឺលើសពីការបញ្ជាក់របស់ជនសង្ស័យ។
ក្នុងពេលសាកសួរ ជនសង្ស័យ អេកាឡាក់ បានបង្ហើបថា គាត់មិនធ្លាប់ធ្វើដំណើរមកកម្ពុជាទេ។ ពេលកំពុងបំពេញបេសកកម្ម គាត់បានទាក់ទងជាមួយបុគ្គលម្នាក់តាមរយៈសារជជែក ដើម្បីទទួលបានការណែនាំអំពីទីកន្លែង និងរបៀបបន្តធ្វើការងារនេះ។ ការជជែកទាំងនោះធ្វើឡើងតាមរយៈកម្មវិធី Line គឺនៅជាមួយនរណាម្នាក់ដែល Ekkalak អះអាងថា មិនស្គាល់ដោយផ្ទាល់ទេ។
ការពិនិត្យលើទូរស័ព្ទរបស់ជនសង្ស័យ បានបង្ហាញថា អ្នកចេញការណែនាំ បានផ្ញើរូបថត និងព័ត៌មានលម្អិត អំពីគោលដៅ រួមទាំងព័ត៌មានថ្មីៗ អំពីទីតាំងរបស់លោក លឹម គឹមយ៉ា ផងដែរ។
ក្នុងអំឡុងពេលនៃការរត់គេចខ្លួនរបស់ អេកាឡាក់ មកប្រទេសកម្ពុជា បុគ្គលនេះបន្តផ្តល់ការណែនាំតាមរយៈសារ Line ដោយដឹកយកគាត់ទៅកាន់ទីតាំងជាក់លាក់មួយ។
មេបញ្ជាការផ្នែកប៉ូលិសក្រុងបាងកកម្នាក់ បាននិយាយថា កាលពីថ្ងៃសៅរ៍ លោក Ekkalak បានបដិសេធមិនជួបសាច់ញាតិរបស់គាត់ រួមទាំងម្តាយរបស់គាត់ផងដែរ ដែលបានមកមើល។ គាត់បានប្រាប់ម្តាយរបស់គាត់តាមទូរស័ព្ទថា គាត់ចង់ទទួលការដាក់ទោសនៅក្នុងពន្ធនាគារ។
លោក Ekkalak ក៏បដិសេធមិនបញ្ចេញអត្តសញ្ញាណបុគ្គលដែលរៀបចំធ្វើឃាតនេះដែរ។ គាត់ក៏មិនចង់ធ្វើបទល្មើសនេះឡើងវិញ និងក៏មិនសុំនៅក្រៅឃុំដែរ។
គួររម្លឹកថាលោក លឹម គឹមយ៉ា អាយុ ៧៣ ឆ្នាំ បានមកដល់ទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីធ្វើដំណើរតាមរថយន្តក្រុងពីខេត្តសៀមរាប ប្រទេសកម្ពុជា។ គាត់ត្រូវបានខ្មាន់កាំភ្លើងរង់ចាំបាញ់សម្លាប់នៅចំពោះមុខប្រពន្ធ និងបងប្រុសរបស់គាត់តែម្តង៕