ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
នារសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាលើការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅខេត្តឧត្តរមានជ័យ ដោយមានការអញ្ជេីញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន មន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីសាលាខេត្ត ភីម៉ាក់ ម៉ាពូ និងប្រតិបត្តិករបោសសម្អាតមីន។
អភិបាលខេត្តឧត្តរមានជ័យ បានលេីកឡេីងអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងបញ្ហាមីន ព្រមទាំងបានណែនាំឲ្យគ្រប់មន្ទីរ/អង្គភាព និងកងកម្លាំងប្រដាប់អាវុធ បន្តយកចិត្តទុកដាក់ រៀបចំដាក់បញ្ចូលបញ្ហាមីនជាការងារអាទិភាពមួយ ក្នុងរបៀបវារៈរាល់កិច្ចប្រជុំរបស់ខ្លូនជាប្រចាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលការងារបោសសម្អាតនេះ ត្រូវការនូវធនធានមនុស្ស សម្ភារ និងថវិកាជាច្រើនទើបជំរុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ ២០២៥។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រតិបត្តិករជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ ត្រូវបន្តសហការចូលរួមអប់រំប្រជាពលរដ្ឋឲ្យបានចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពអំពីការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ស្តីពីការអប់រំការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចខាងក្រោម៖
• ស្នេីសុំអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានទូលំទូលាយជាសាធារណៈ នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។
• ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចសហការគាំទ្រនូវសកម្មភាពអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាមរបស់ប្រតិបត្តិករជាតិ និងអន្តរជាតិនានា។
• ស្នើមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមសាលារៀន។
• ស្នើសុំនគរបាលខេត្ត នគរបាលប៉ុស្ដិ៍ ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅដល់ប្រជាពលរដ្ឋ សហគមន៍ ជាពិសេសការអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងធ្វើការស្រាវជ្រាវ និងដកហូត ពីប្រជាពលរដ្ឋដែលយកគ្រាប់មករក្សាទុកក្នុងគ្រួសារសម្រាប់ទុកធ្វើការកែច្នៃជាឧបករណ៍ប្រើប្រាស់ផ្សេងៗ៕ ដោយ៖កូឡាប