Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការភ័យខ្លាច​នៃ​ជំងឺ​កូ​វីត​-១៩​បាន​ក្លាយជា​ឱកាស​សម្រាប់​ជនខិលខូច​យកទៅ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​

​ភ្នំពេញ​៖​ប្រហែល​ជាជាង​កន្លះ​ឆ្នាំ​ហើយ​ដែល​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីត​-១៩ បាន​រីក​រាលដាល​យ៉ាងខ្លាំង​ស្ទើរតែ​ពាសពេញ​ពិភពលោក រីឯ​ជនខិលខូច​ខ្លះ​ក៏​នៅតែ​ឆ្លៀតឱកាស​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ភាពវឹកវរ​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ​។ យោងតាម​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​សន្តិសុខ​លើ​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត Bitdefender បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ មាន​ការបោក​បញ្ឆោត​ដោយ​ការផ្ញើ​អុី​ម៉ែ​ល​បាន​កើនឡើង​កាន់តែខ្លាំង ដើម្បី​លួច​ព័ត៌មាន​ផ្ទាល់ខ្លួន និង​លេខ​សម្ងាត់​ធនាគារ​របស់​អ្នកប្រើប្រាស់ ឬ​ដើម្បី​បញ្ចូល​មេរោគ​។​

​ភាគច្រើន​នៃ​ការផ្ញើ​អុី​ម៉ែ​ល​ឆបោក​ទាំងនោះ ត្រូវបាន​បន្លំ​ធ្វើជា​ផ្ញើ​ចេញពី​ប្រភព​ដែល​អាច​ទុកចិត្តបាន​ដូចជា អង្គការ រដ្ឋាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌល​សុខភាព​សាធារណៈ ឬ​ធនាគារ​ជាដើម តាមរយៈ​អុី​ម៉ែ​ល ដើម្បីឱ្យ​អ្នកប្រើប្រាស់​មានការ​ជឿទុកចិត្ត​។ ជា​ឧទាហរណ៍ ជនខិលខូច​បានធ្វើកា​រ​បោក​បញ្ឆោត​បន្លំ​ជា​អង្គការ​សុខភាព​ពិភពលោក (WHO) ផ្សព្វផ្សាយ​ព័ត៌មាន​ថ្មីៗ ឬ​ជា​ធនាគារ HSBC ជូនដំណឹង​អំពី​ការដាក់បញ្ចូល​ប្រាក់ ដើម្បីឱ្យ​អ្នកប្រើប្រាស់​ទាញយក​ឯក​សារ​ដែលមាន​បង្កប់​ជាមួយ​មេរោគ​។​

​ទោះជា​នៅ​ប្រទេស​កម្ពុជា​យើង​មិនសូវ​ជាមាន​អ្នកប្រើប្រាស់​អុី​ម៉ែ​ល ដែល​មានតែ​នៅតាម​ក្រុមហ៊ុន​ធំៗ​មួយចំនួន​នោះ​ក្តី នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ទាំងនេះ ព្រោះ​ជនខិលខូច​អាច​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការផ្ញើ​អុី​ម៉ែ​ល ទៅជា​ការផ្ញើ​សារ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​កំពុងមាន​ការពេញនិយម​នៅ​ប្រទេស​យើង​នោះ​។ កន្លងមក​នាយកដ្ឋាន​ក៏បាន​ណែនាំ​អ្នកប្រើប្រាស់​សូមកុំ​ទាញយក​ឯកសារ​ពី​ប្រភព​ដែល​មិន​ស្គាល់​ច្បាស់ ចៀសវាង​ការឆ្លង​មេរោគ ក៏ដូចជា​បាត់បង់​ទិន្នន័យ​ផ្ទាល់ខ្លួន ហើយ​ក៏បាន​ផ្សព្វផ្សាយ​ពី​ល្បិចកល​របស់​ជនខិលខូច​ដែល​អាច​ប្រើប្រាស់​ដើម្បី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ក្នុងសម័យ​កូ​វីត​កាលពី​ខែមីនា​ហើយ​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

×