Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺគ្រុនឈាម​នៅ​កម្ពុជា ៦​ខែ ឆ្នាំ​២០២០ កើតឡើង ៣.៣៣៩​ករណី និង​ស្លាប់​ចំនួន​៤​ករណី​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា ស្ថានភាព​ជំងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស រយៈពេល​៦​ខែ (​មករា ដល់​មិថុនា​) ឆ្នាំ​២០២០ បាន​ថយចុះ​ប្រមាណ​៨៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល បញ្ជាក់ថា ស្ថានភាព​ជំងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​ពី​ខែមករា – មិថុនា ក្នុង​ឆ្នាំ ២០២០ មាន​ចំនួន​សរុប ៣.៣៣៩​ករណី និង​ស្លាប់​ចំនួន​៤​ករណី (​អត្រា​ស្លាប់ ០,០៣%)​។ ក្នុងអំឡុង​ប្រាំ​មួយខែ​ដើមឆ្នាំ​២០២០​នេះ គឺ​ករណី​ជំងឺគ្រុនឈាម​បាន​ថយចុះ​ប្រមាណ​ជា ៨៨% បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ ២០១៩ ក្នុង​រយៈពេល​ដូចគ្នា​ដែលមាន ២៨.២៨៥​ករណី និង​ស្លាប់ ៣២​នាក់​។ ករណី​ជំងឺគ្រុនឈាម​បាន ថយចុះ​នៅ​ទូទាំងប្រទេស​នា​ដើមឆ្នាំ​២០២០ តែ​ករណី​មាន​រាយប៉ាយ​ដុំៗ តាម​ភូមិសាស្ត្រ​ប្រជុំជន​មួយចំនួន ពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ប៉ៃលិន សៀមរាប កណ្ដាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និង​ខេត្តព្រះវិហារ​។​

​ជា​សន្និដ្ឋាន​ក្នុងខណៈ​ពេលនេះ គឺ​ស្ថានភាព​ជំងឺគ្រុនឈាម​ក្នុងប្រទេស​កម្ពុជា​កំពុងស្ថិត​នៅក្នុង​ស្ថាន ភាព​ធម្មតា​ក្រោម​ការគ្រប់គ្រង​យ៉ាង​ល្អ របស់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ទូទាំងប្រទេស ដែលមាន​ការចូលរួម​អន្តរាគមន៍ និង​សហការ​ពេញលេញ​របស់​គ្រប់​ដៃគូ​ពាក់ព័ន្ធ និង​ប្រជាជន​ក្នុង​សហគមន៍​។​

​ក្រសួង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ដល់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម និង​ដៃគូ​ពាក់ព័ន្ធ ទូទាំងប្រទេស អនុគណៈកម្មការ​គ្លីនិក​ជំងឺគ្រុនឈាម ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ក្រសួង​-​ស្ថាប័ន​-​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ គម្រោង​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ អង្គការ​សុខភាព​ពិភពលោក និង​ដៃគូ​វិនិយោគ​ផ្សេងៗ​ទៀត ដែល​បាន​ខំ​ខិត​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុងការ​សម្របសម្រួល​កម្មវិធី ការធ្វើ​រោគ វិនិច្ឆ័យ​-​ព្យាបាល​ថែទាំ​ករណី​ជំងឺ ការគ្រប់គ្រង​ភ្នាក់ងារ​ចម្លងការ​តាមដាន​ឃ្លាំ​មើលជំងឺ និង​ការលើកកម្ពស់ សុខភាព​នាពេល​កន្លងមក រួមទាំង​ការដាក់​វិធានការ​អន្តរាគមន៍ ឆ្លើយតប​នានា​ទាន់ពេលវេលា ដែល​ធានាបាន នូវ​ការបង្ការ​បានជា​មុន មិនឱ្យ​មានការ​ចម្លង​ជំងឺ​សាយភាយ ឬ​រាតត្បាត​ជំងឺ​តាម​សូចនាករ​ក្នុង​យុទ្ធសាស្ត្រ​ជាតិ ដែល​បាន​គ្រោងទុក​។​

​ក្រសួងសុខាភិបាល សូម​អំពាវនាវ និង​លើកទឹកចិត្ត ដល់​ប្រជាជន​គ្រប់រូប​ត្រូវ​បន្ត ចូលរួម​អនុវត្តតាម​វិធាន ការបង្ការ​ជំងឺគ្រុនឈាម​តាម​យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ដែល​ក្រសួងសុខាភិបាល តែង​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នោះ​។ ក្រសួងសុខាភិបាល សូម​ក្រើន​រំលឹកថា ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម គឺជា​កាតព្វកិច្ច​របស់​បុគ្គល​ម្នាក់ៗ​គ្រប់រូប ដែល​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​ដាច់ខាត​លើ​ការងារ​៖ លុបបំបាត់​ភ្នាក់ងារ ចម្លង​មូស​ខ្លា និង​ដង្កូវទឹក (​ក្នុង​ពាង​-​អាងទឹក សម្បក​កង់​យានជំនិះ និង​ប្រភព​ដក់​ទឹក​ផ្សេងៗ​ទៀត​) រួសរាន់​ទៅ ទទួលយក​សេវា​ធ្វើ​រោគវិនិច្ឆ័យ​-​ព្យាបាល ថែទាំ​ករណី​ជំងឺ​ត្រឹមត្រូវ​ទាន់ពេលវេលា (​សេវាសាធារណៈ​ដែល​នៅ ជិត​បំផុត​ដូចជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​) ដោយ​មិនត្រូវ​ទុក​អ្នកជំងឺ​គ្រុនក្តៅ​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង និង​មិនបាន​សង្ស័យ​អំពី​ជំងឺគ្រុនឈាម (​ការធ្វើ​រោគវិនិច្ឆ័យ​-​ព្យាបាល​ថែទាំ​មិន​ត្រឹមត្រូវ និង​មិនទាន់ ពេលវេលា​គឺអាច​បណ្ដាលឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត អ្នកជំងឺ​បាន​គ្រប់ពេល និង​គ្មាន​គ្រូពេទ្យ​ណា​អាចជួយ សង្គ្រោះ​បានឡើយ​) និង​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​រស់នៅ​ស្អាត បរិស្ថាន​ផ្ទះសម្បែង​មាន​អនាម័យ​សម្រាន្ត​ក្នុង​មុង ទាំងថ្ងៃទាំងយប់ ប្រើ​សម្លៀកបំពាក់​ដៃជើង​វែងៗ​បង្ការ​ការ​ខាំ​របស់​សត្វ​មូស​ជាដើម​។ ក្រសួងសុខាភិបាល នៅតែ​បន្ត​ផ្តល់ជូន​ដោយ​មិន​គិតថ្លៃ នូវ​ថ្នាំ​បាណក​ឃាដ (​ថ្នាំ​អា​បែ​ត​) សម្រាប់​ដាក់ចូល​ក្នុង​ភាជន៍​ទឹក​ទុក​ប្រើប្រាស់ មួយឆ្នាំ​ពីរដង (​ដើមរដូវ​វស្សា និង​ចុងរដូវ​វស្សា​) នៅតាម​ផ្ទះ​គ្រប់ៗ​គ្នា​តាម​គោលដៅ​ភូមិសាស្ត្រ​នៃ​ភ្នា​ក់​ចម្លង​មូស​ខ្លា​៕​ដោយ​៖​កូ​ឡាប​

×