ភ្នំពេញ៖ ក្រសួងផែនការ និង អង្គការ UNDP រៀបចំពិធីប្រគល់តាប្លេត (Tablet) ចំនួន១.៧០០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានណែនាំដល់មន្ត្រីរាជការនៃមន្ទីរផែនការទាំងអស់ ត្រូវតែខិតខំធ្វើឱ្យបាន លឿនរហ័ស និងតម្លាភាពរាល់ទិន្នន័យគ្រួសារក្រីក្រទាំងអស់ ជៀងវាងកុំឱ្យមានបាតុភាពអសកម្មកើតឡើង។
សណ្ឋាគារកាំបូឌីយ៉ាណា, ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល ថាប្លេត(Tablet)ចំនួន១៧០០គ្រឿង ផ្តល់ដោយ អង្គការ UNDP សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា, ឯកឧត្តម Luke Arnold ឯកអគ្គរាជទូតរងប្រទេសអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា , ឯកឧត្តម Nick Beresford ប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា, ថ្នាក់ដឹកនាំមន្ត្រីជំនាញ នៃក្រសួងផែនការ, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ប្រធានមន្ទីរផែនការរាជធានី ខេត្ត ក្រុង ទូទាំងប្រទេស, អង្គការសង្គមស៊ីវិល និងអ្នកមានចំណែកពាក់ព័ន្ធចូលរួមផងដែរ។
ថ្លែងក្នុងពិធីប្រគល់-ទទួលនេះដែរ ឯកឧត្តម Nick Beresford ប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) នៅថ្ងៃនេះ បានផ្ដល់កុំព្យូទ័រថាប្លេតចំនួន ១.៧០០ គ្រឿង រួមជាមួយនឹងកញ្ចប់កម្មវិធី (software) ដល់ក្រសួងផែនការ ក្នុងគោលបំណងជួយធ្វើឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ ដែលប្រកបដោយបរិយាប័ន្ន និងប្រសិទ្ធភាពជាងមុន។
រីឯក្នុងនាមរដ្ឋាភិបាលអូស្ត្រាលី ឯកឧត្តម Luke Arnold ឯកអគ្គរាជទូតរងប្រទេសអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា បានពាំនាំនូវប្រសាសន៍ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា យ៉ាងដូចនេះថា «រដ្ឋាភិបាលអូស្ត្រាលី មានមោទនភាព ដែលការគាំទ្ររបស់យើងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ រាប់បញ្ចូលទាំងការឧបត្ថម្ភថាប្លេតទាំងនេះ ដែលក្លាយជាប្រព័ន្ធគោលសម្រាប់ជួយសម្រួល ដល់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនគ្រួសារងាយរងគ្រោះ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។»
ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនៃពិធីប្រគល់-ទទួលនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា «កម្ពុជា ក៏ដូចជាសកលលោកទាំងមូលដែរ គឺរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាពិសេសចំពោះគ្រួសារក្រីក្រ។ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌។ ប៉ុន្តែនៅមានគ្រួសារក្រីក្រខ្លះអវត្តមានពីការចុះឈ្មោះទទួលប័ណ្ណសមធម៌ ហើយគ្រួសារខ្លះទៀត ទើបធ្លាក់ខ្លួនក្រដោយសារបាត់បង់ចំណូលបណ្តាលមកពីវិបត្តិកូវីដ-១៩។ ដើម្បីពន្លឿនការចុះឈ្មោះក្រុមគ្រួសារក្រីក្រទាំងនេះនៅតាមឃុំសង្កាត់បន្ថែមទៀត ក្រសួងផែនការបានស្នើសុំកុំព្យូទ័រថាប្លេតចំនួន ១.៧០០ គ្រឿងពីអង្គការយូអិនឌីភី។ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះបំផុតចំពោះ UNDP និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានរួមចំណែកគាំទ្រ តាមរយៈការផ្តល់នូវកុំព្យូទ័រថាប្លេតទាំងនេះដល់ក្រសួង។»
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ដើម្បីធានាបានក្នុងការប្រើប្រាស់មានសុវត្ថិភាព ខ្ញុំសូមធ្វើការបែងចែកថាប្លេត ដែលចែកជូនទៅឃុំ សង្កាត់ជាពីរដាច់ដោយឡែកពីគ្នា៖ទី១-ថាប្លេតដែលបានផ្តល់ដោយអង្គការ GIZ និងអង្គការ UNICEF ចំនួន ១.៦៤៦ គ្រឿងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ប្រើប្រាស់សម្រាប់កម្មវិធីចុះឈ្មោះឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ទី២-ថាប្លេតដែលផ្តល់ដោយ UNDP សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រធានមន្ទីរផែនការរាជធានី ខេត្ត ក្រុងទាំងអស់ តបតាមការផ្តល់សេចក្តីទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរផែនការទាំងអស់ ត្រូវតែខិតខំធ្វើឱ្យបាន លឿនរហ័ស និងតម្លាភាពរាល់ទិន្នន័យគ្រួសារក្រីក្រទាំងអស់ ជៀងវាងកុំឱ្យមានបាតុភាពអសកម្មកើតឡើង និងត្រៀមបង្ការ អប់រំ បណ្តុំបណ្តាលអាជ្ញាធរភូមិ ឃុំ សង្កាត់ ជាពិសេសសហការជាមួយពួកគាត់នៅឯមូលដ្ឋានជានិច្ចស្ថិតក្នុងដំណាក់កាលនេះ ត្រូវចុះដោះស្រាយរាល់បញ្ហាដែលកើតមានឡើងភ្លាមៗរាល់ការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook ឬការរាយការណ៍ណាមួយជាប្រចាំ៕
ដោយ៖កូឡាប