ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងការជួយគាំទ្រ SMEs និងការដោះស្រាយបញ្ហាប្រឈមរបស់ SMEs ត្រូវការការសម្របសម្រួល និងការដោះស្រាយជា ប្រព័ន្ធ និងស្មារតីចូលរួមចំណែក រស់រវើកជាលក្ខណៈអន្ដរក្រសួង-ស្ថាប័ន ដើម្បីឱ្យ SMEs អាចមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច, បង្កើតការងារ និងចំណូលជាក់ស្តែងដល់ ប្រជាពលរដ្ឋ, បំពេញតម្រូវការក្នុង ស្រុក ក៏ដូចជាលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ច។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (គ.ស.ស.) បានដឹកនាំ “កិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី ១” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃគណៈកម្មាធិការ ដើម្បីពិនិត្យ និងអនុម័តលើសំណើវិធានការដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprises – SMEs) សម្រាប់រយៈ ពេលបន្ទាន់, ខ្លី និងមធ្យម, នាព្រឹកថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលស្រាវជ្រាវ ដោយគូសរំលេច បញ្ហាប្រឈមដែលមានលក្ខណៈជារចនាសម្ព័ន្ធ និងជាប្រព័ន្ធអេកូឡូស៊ី ពិសេស ពាក់ព័ន្ធនឹង៖ ១. បន្ទុកអនុលោមភាព, ការអនុវត្ដបទប្បញ្ញត្ដិដែលនៅមិនទាន់ស៊ីចង្វាក់រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងភាពនៅមានកម្រិតក្នុងការផ្ដល់សេវាគាំទ្រធុរកិច្ច, ២. សមត្ថភាព SMEs ក្នុងការគ្រប់គ្រងបច្ចេកទេស ផលិតកម្ម, ធុរកិច្ច និងហិរញ្ញវត្ថុនៅមានកម្រិតទាប និង ៣. ការទទួលបានហិរញ្ញវត្ថុនៅមានគម្លាតធំ ។
អង្គប្រជុំបានពិភាក្សា និងឯកភាពជាគោលការណ៍លើវិធានការលើកស្ទួយ SMEs ដោយគួររៀបចំជាពីរដំណាក់កាល៖ ទី១. វិធានការរយៈពេលបន្ទាន់ផ្ដោតលើ៖ ក. ការកាត់បន្ថយ និងសម្រួលនូវបន្ទុកអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម, ។ ខ. ការពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មគាំទ្រ ដូចជាប្រឹក្សាយោបល់ធុរកិច្ច, សេវាមេធាវី និងប្រឹក្សាច្បាប់, ការចុះបញ្ជី, គណនេយ្យ, ទីផ្សារ និងបច្ចេកទេស និង គ.ជំរុញការគាំទ្រ ការផ្ដល់ហិរញ្ញប្បទានដល់ SMEs តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម។ ទី២. វិធានការរយៈពេលខ្លី និងមធ្យម ផ្តោតលើ៖ ការគាំទ្រជាប្រព័ន្ធអេកូឡូស៊ី រួមមាន ការបន្ដកំណែទម្រង់ក្របខ័ណ្ឌបទប្បញ្ញត្តិ និងការអនុវត្ដ, ការលើកកម្ពស់ សេវាគាំទ្រធុរកិច្ច, ការគាំទ្រហិរញ្ញវត្ថុ, ការលើកកម្ពស់ទីផ្សារ សម្រាប់ SMEs, ជំរុញ និងលើកកម្ពស់ធនធានមនុស្ស និង R&D, និងលើកកម្ពស់ផ្នត់គំនិតសហគ្រិនភាព ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានគូសបញ្ជាក់ជារួមថា ក្នុងការជួយគាំទ្រ SMEs និងការដោះស្រាយបញ្ហាប្រឈមរបស់ SMEs ត្រូវការការសម្របសម្រួល និងការដោះស្រាយជា ប្រព័ន្ធ និងស្មារតីចូលរួមចំណែក រស់រវើកជាលក្ខណៈអន្ដរក្រសួង-ស្ថាប័ន ដើម្បីឱ្យ SMEs អាចមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច, បង្កើតការងារ និងចំណូលជាក់ស្តែងដល់ ប្រជាពលរដ្ឋ, បំពេញតម្រូវការក្នុង ស្រុក ក៏ដូចជាលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ច។
ដើម្បីធានាបានប្រសិទ្ធភាពអនុវត្តន៍, ជាកិច្ចការបន្ត ត្រូវធ្វើការសិក្សាឱ្យបានជាក់លាក់ តាមរយៈ ការកំណត់នូវនិយមន័យ, វិសាលភាព (Scope) ក៏ដូចជា ផលរបរនៃ SMEs, លទ្ធភាព ជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ, រៀបចំលិខិតបទដ្ឋានគតិយុត្តិដែលប្រទាក់ក្រឡា ក៏ដូចជា រៀបចំនូវសូចនាករវាស់វែង និងការ តាមដានការអនុវត្តន៍ជាអន្តរវិស័យ និងស្ថាប័ន ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណឯកឧត្តម លោក ជំទាវរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានវាយតម្លៃខ្ពស់ ដល់ក្រុម ការងារ ដែលបានខិតខំបំពេញការងារ ផ្ដល់ ធាតុចូលបន្ថែម និងមានឆន្ទៈមុតមាំ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសម្រាប់លើកស្ទួយ SMEs នៅកម្ពុជា៕ ដោយ៖កូឡាប