ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះគណនី Twitter របស់ក្រុមហ៊ុនធំៗ ព្រមទាំងអ្នកល្បីៗមួយចំនួនដូចជា Apple, Uber, Bill Gates, Jeff Bezos, Elon Musk និង Barack Obama ត្រូវបានជនអនាមិកជ្រៀតចូល។
ការវាយប្រហារនេះ អាចចាត់ទុកជាការវាយប្រហារខ្នាតធំមួយ ដែលមានផែនការច្បាស់លាស់ ព្រោះគណនីដែលរងការប៉ះពាល់បានបង្ហាញសារស្រដៀងៗគ្នាទាក់ទងនឹងការផ្ញើលុយ Bitcoin ឱ្យពួកគេ 1000 ដុល្លារហើយគេនឹងផ្ញើឱ្យវិញមួយជា២ដង ឬ 2000 ដុល្លារ។ នេះបើតាមការផ្សព្វផ្សាយព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2020។
បច្ចុប្បន្នក្រុមហ៊ុន Twitter បានខិតខំប្រឹងប្រែងទាញយកគណនីទាំងនោះពីក្រុមអ្នកវាយប្រហារវិញ ហើយក្រុមហ៊ុនក៏កំពុងធ្វើការស្រាវជ្រាវដើម្បីកែសម្រួលបញ្ហានេះផងដែរ។
ទោះជានៅប្រទេសកម្ពុជាយើងមិនសូវជាមានអ្នកប្រើប្រាស់ Twitter ច្រើនក៏ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ទាំងអស់មានការប្រុងប្រយ័ត្នចំពោះការឆបោកនេះ ព្រោះជនខិលខូចអាចប្តូរយុទ្ធសាស្ត្រពីការប្រើប្រាស់កម្មវិធី Twitter ទៅប្រើកម្មវិធី Facebook ដែលកំពុងមានការពេញនិយមនៅប្រទេសយើងនោះ។
សូមបងប្អូនមានការពិភាក្សា ឬតេបញ្ជាក់អត្តសញ្ញាណមុននឹងធ្វើការឆ្លើយតប ទាក់ទងនឹងការសុំឱ្យផ្ញើលុយតាមរយៈបណ្តាញទំនាក់ទំនងសង្គមណាមួយនោះ៕ ដោយ៖កូឡាប