Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្កោលទោស​គណនី​ហ្វេ​ស​ប៊ុ​ក Troll យឹម តន ផ្សព្វផ្សាយ​វីដេអូ​ឃ្លី​ប​ចម្រៀង ក្នុង​ចេតនា​បំផ្លាញ​កិត្តិយស​ពុទ្ធសាសនា​

​ភ្នំពេញ​៖ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្កោលទោស​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ផ្សព្វផ្សាយ​វីដេអូ​ឃ្លី​ប​ចម្រៀង ក្នុង​ចេតនា​បំផ្លាញ​កិត្តិយស​ពុទ្ធសាសនា​។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា បើតាម​ព័ត៌មាន​អ្នកគ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក Troll យឹម តន ជា​មនុស្ស​មាន​ស្មារតី​ត្រឹមត្រូវ​ពុំមែន យឹម តន ដែលមាន​ជំងឺសរសៃប្រសាទ នៅ​ខេត្តកំពង់ស្ពឺ តែងតែ​ដើរ​សរសេរ​អក្សរ​លើ​ជញ្ជាំង​រោងចក្រ ឬ​អគារ​ផ្សេងៗ​ផ្តេសផ្តាស​នោះទេ​។ សូម​ញោមញាតិ​មេត្តា​កុំ​យល់ច្រឡំ​។

​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើឱ្យ​ក្រសួង​ធម្មការ និង​សាសនា ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Troll យឹម តន ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ​បានធ្វើ​សកម្មភាព​ជាន់ឈ្លី​តម្លៃ​ព្រះពុទ្ធសាសនា និង​ព្រះសង្ឃ​ខ្មែរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ពុធ ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ គណៈសង្ឃ​នាយក បាន​គូសបញ្ជាក់ថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Troll យឹម តន បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ជា​បទ​ចម្រៀង​លាយឡំ​ដោយ​ការកាត់ត​រូបភាព​បព្វជិត​សង្ឃ​ពុទ្ធសាសនា ក្នុង​លក្ខណៈ​អាសអាភាស​ជាមួយ​ស្ត្រីភេទ ដោយ​ប្រើ​ពាក្យពេចន៍​ក្នុង​ខ្លឹមសារ​វាយប្រហារ​ប្រកបដោយ​ចេតនា បំផ្លិចបំផ្លាញ​កិត្តិយស សេចក្ដីថ្លៃថ្នូរ​ក៏ដូចជា​តម្លៃ​ពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​។​

​គណៈសង្ឃ​នាយក បានចាត់ទុក​សកម្មភាព​នេះ ជាការ​ប្រមាថ​ចំពោះ​ព្រះសង្ឃ​ថេរវាទ នៅ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​បំផុត ក៏ដូចជា​ពុទ្ធបរិស័ទ​ផងដែរ​មាន​ភាព​ទោមនស្ស​កើតទុក្ខ​មិន​សុខចិត្ត​យ៉ាង​ក្រៃលែង​ចំពោះ​ទង្វើ​ដ៏​អកុសល និង​ថោកទាប​នេះ​។​

​គណៈសង្ឃ​នាយក បាន​គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា រូបភាព​បុគ្គល​ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ យកមក​កាត់ត​ភ្ជាប់​ជាមួយ​ស្ត្រីភេទ គឺជា​រូបភាព​ដែល​គណៈសង្ឃ​គ្រប់​ជាន់ថ្នាក់ បាន​ដោះស្រាយ​ប្រកបដោយ​ច្បាប់​វិន័យ​រួចហើយ រូបភាព​ខ្លះ​ជា​រូបភាព​សង្ឃ​បរទេស និង​រូបភាព​ខ្លះទៀត​ជា​រូបភាព​បព្វជិត​សង្ឃ​ពុំមាន​កំហុស​អ្វី​ឡើយ ក៏ត្រូវ​បាន​យកមក​ដាក់​ភ្ជាប់ ដើម្បី​ត្មះតិះដៀល​បន្ទាបបន្ថោក​ក្នុង​បទ​ចម្រៀង​យ៉ាង​គ្រោតគ្រាត និង​អយុត្តិធម៌​។​

​គណៈសង្ឃ​នាយក បាន​កត់សម្គាល់ថា គណនី​ហ្វេ​ស​ប៊ុ​ក Troll យឹម តន បាន​ប្រព្រឹត្ត​អំពើ​រឿង​អកុសល​ដដែល​នេះ ជាច្រើន​ឆ្នាំ​កន្លងមកហើយ ដោយបាន​យក​អធិករណ៍ នៃ​បព្វជិត​សង្ឃ​ធ្វើជា​អាជីព មាន​ចេតនា​យ៉ាង​ពេញទំហឹង​ក្នុងការ​បំផ្លិចបំផ្លាញ​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​ព្រះសង្ឃ​ក៏ដូចជា​តម្លៃ​ពុទ្ធសាសនា​ថេរវាទ​កម្ពុជា​ដែល​គណៈសង្ឃ​នាយក​កម្ពុ​ជា ពុំ​អាច​ទទួលយកបាន​ជាដាច់ខាត​។​

​គណៈសង្ឃ​នាយក បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ថ្កោលទោស​ចំពោះ​ទង្វើ​ដ៏​ស្មោកគ្រោក អសីលធម៌ ទុច្ចរិត និង​ភាពជា​អមនុស្ស ហើយ​ស្នើ​ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​លើ​អ្នកគ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​ទន្ទឹមនឹង​សំណើ​របស់​គណៈសង្ឃ​នាយក​នេះ ក្រសួង​ធម្មការ និង​សាសនា បានដាក់​សំណើ​ទៅកាន់​លោក ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សុំ​មាន​វិធានការ​លុប​វីដេអូ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក Troll យឹម តន​និង​គណនី​យូ​ធូប​ឈ្មោះ Troll ចោរ​ថង់យាម OFFICIAL ដែល​បាន​បង្ហោះ​វីដេអូ​ន​ចម្រៀង​បទ ស្រឡាញ់​ប៉ះចំ​តែ​សង្សារលោក កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ និង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ។​

​គណនី​ហ្វេ​ស​ប៊ុ​ក Troll យឹម តន​និង​គណនី​យូ​ធូប​ឈ្មោះ Troll ចោរ​ថង់យាម OFFICIAL ដែល​បាន​បង្ហោះ​វីដេអូ​ន​ចម្រៀង​បទ ស្រឡាញ់​ប៉ះចំ​តែ​សង្សារលោក កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ និង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​រូបភាព​ព្រះសង្ឃ និង​ស្ត្រីភេទ ក្នុង​ចេតនា​អាក្រក់​បន្ទាបបន្ថោក​តម្លៃ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ តាមរយៈ​បទ​ចម្រៀង​នេះ ដែលមាន​រូបភាព និង​អត្ថន័យ​ក្នុង​ឆន្ទៈ​ទុច្ចរិត​អាក្រក់ ញុះញង់ ឲ្យ​មានការ​រើសអើង បង្ក​ឲ្យ​មាន​ភាពចលាចល និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម​។ ក្នុងន័យនេះ ក្រសួង​ធម្មការ​និង​សាសនា ស្នើសុំ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មេត្តា​ពិនិត្យ និង​មាន​វិធានការ​តាម​ផ្លូ​ច្បាប់ លុប​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​ផេ​ក Troll និង​យូ​ធូប ខាងលើ​។​

​ក្រសួង​ធម្មការ និង​សាសនា បានស្នើ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​ចាត់វិធានការ​ស្វែងរក អត្តសញ្ញាណ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Troll យឹម តន និង​គណនី​យូ​ធូប​ឈ្មោះ Troll ចោរ​ថង់យាម OFFICIAL៕
​ដោយ​៖​កូ​ឡាប​

×