ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្ក្រសួងសុខាភិបាល បានថ្លែងតាមរយៈបណ្តាញតេឡេក្រាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះថា ជាការពិតហើយ កាលណាវីរុសចូលក្នុងខ្លួនយើង ការពិនិត្យ គឺនឹងឃើញហើយ តែនេះយើងក៏មិនដឹងថាតើវីរុសនេះ មានការវិវត្តន៍ទៅយ៉ាងណា ឬមានប្រតិកម្មប្រែប្រួលបែបណាខ្លះ ក្នុងសរីរាង្គមនុស្ស ហើយការចម្លងមកបុគ្គល អាចមានការប៉ះពាល់របៀបណានៅវេលាណា ពេលគាត់ធ្វើដំណើរ ឬចល័តនោះ ក្នុងរយៈពេលដែលការរាតត្បាតដល់បណ្តាប្រទេសលើលោកនេះ នៅមានសភាពខ្លាំងនៅឡើយ។
លោកជំទាវ បានថ្លែងបន្តថា សូម្បីតែអ្នកវិទ្យាសាស្ត្រក៏បានស្នើសុំអង្គការសុខភាពពិភពលោក ឲ្យពិនិត្យពីរបៀបចម្លងតាមខ្យល់ឡើងវិញផងដែរ ដែលមកទល់ពេលនេះ នៅតែមិនទាន់មានការបញ្ជាក់លើចំណុចនេះនៅឡើយដែរ។ ត្រង់ចំណុចប្រែប្រួលនេះឯង ដែលជាការលំបាកសម្រាប់យើងក្នុងការយល់ដឹងពីអត្តចរិតរបស់វីរុសដ៏កាចសាហាវនេះដែរ។
លោកជំទាវ បានបញ្ជាក់ថា “ខ្ញុំក៏ធ្លាប់បានលើកពីបញ្ហាប្រែប្រួល និងការមិនដឹងច្បាស់ពីអត្តចរិតវីរុសនេះជាច្រើនលើកហើយដែរ ហើយនេះ កាន់តែបញ្ជាក់ពីការពញ្ញាក់ស្មារតីបុគ្គលគ្រប់រូប មិនត្រូវសន្តិភាពនិយមជាមួយវីរុសបែបនេះនោះឡើយ និងរិតតែចាក់ចង្កេះបុគ្គលគ្រប់រូបថា នែ្ន! សុំកុំភ្លេចពីលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ-១៩ ដែលមានភាពរហ័ស ដែលពិបាកប៉ាន់ស្មានបាននេះណាស់ និងត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច អនុវត្តវិធានការការពារឲ្យបានខ្ជាប់ខ្ជួន ទោះជានៅទៅទីណា នៅកន្លែងណា កាលៈទេសៈណា និងពេលវេលាណាក៏ដោយ ជាពិសេសនៅក្នុងអំឡុងពេលឈប់សម្រាកយូរ នាពេលខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ នូវការការពារខ្លួន ដើម្បីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារខ្លួន មិនមានការចម្លងវីរុសកូវីដ-១៩។ សូមជូនពរលោកអ្នកគ្រប់ៗគ្នា សុខភាពល្អ រឹងមាំ និងសូមប្រើប្រាស់ភាពវៃឆ្លាតជាងវីរុសកូវីដ-១៩ជានិច្ច របស់លោកអ្នក កុំទុកឱកាសឲ្យវីរុសកូវីដ-១៩ អាចវៃលុកសរីរាង្គលោកអ្នក និងរាតត្បាតចូលក្នុងសហគមន៍យើងបានឲ្យសោះ។ សូមអរគុណជាអនេកនូវរាល់ការចូលរួមរបស់លោកអ្នក និងសុំឲ្យការធ្វើដំណើររបស់លោកអ្នកមានសុខសុវត្ថិភាព៕ដោយ៖កូឡាប