ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤០៤ ៨៤០ ០០០រៀល។
តាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៦កក្កដា បានឲ្យដឹងថា ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ៤៨គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៧៦គ្រឿង។ ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖ លើសពី ៥%-១០% មានចំនួន ១០គ្រឿង , លើសពី ១០%-២០% មានចំនួន ១៣០គ្រឿង និងលើសពី ២០% មានចំនួន ៨៨គ្រឿង។
សូមម្ចាស់រថយន្តដឹកទំនិញមេត្តាគោរពច្បាប់ និងកុំដឹកលើសទម្ងន់កម្រិតកំណត់ ដែលអាចបំផ្លាញផ្លូវជាតិ និងខាតបង់ថវិកាជាតិ៕ ដោយ៖កូឡាប