កោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះបាននិយាយថា អ្នកតំណាងជាន់ខ្ពស់របស់ខ្លួនម្នាក់ប្រចាំទីក្រុងហុងកុង បានធ្វើដំណើរត្រឡប់មកវិញ ដោយសារតែ ‘ឧបសគ្គនយោបាយមិនចាំបាច់’ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចុះផ្សាយថា គាត់បានបដិសេធចុះហត្ថលេខាលើសេចក្តីប្រកាសដែលគាំទ្ររបបក្រុងប៉េកាំង។
ចិនមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការគាំទ្ររបស់កោះតៃវ៉ាន់លើការតវ៉ានៅក្នុងទីក្រុងហុងកុង និងការសម្រេចចិត្តរបស់តៃវ៉ាន់ក្នុងការបើកការិយាល័យ ដើម្បីជួយប្រជាជនហុងកុងដែលចង់ផ្លាស់ទីលំនៅមកកោះតៃវ៉ាន់។
ច្បាប់សន្តិសុខជាតិរបស់ប៉េកាំងដែលបានដាក់លើទីក្រុងហុងកុងកាលពីខែមុន រឹតតែធ្វើឲ្យទំនាក់ទំនងកាន់តែល្អកកករ ដោយច្បាប់នោះបញ្ជាឲ្យអង្គការនយោបាយរបស់តៃវ៉ាន់ ប្រកាសពីបុគ្គលិក និងទ្រព្យសម្បតិ្ត។
លោក Kao Ming-Tsu ប្រធានស្តីទីនៃការិយាល័យវប្បធម៌ និងសេដ្ឋកិច្ចក្រុងតៃបុិ “ត្រូវបានបង្ខំឲ្យត្រឡប់ទៅកាន់កោះតៃវ៉ាន់វិញ ពីព្រោះភាគីហុងកុងបានរំលោភលើការព្រមព្រៀង និងបានបង្កើតឧបសគ្គនយោបាយដែលមិនចាបាច់”។ នេះជាការបញ្ជាក់របស់លោក Chiu Chui-chen អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការចិនដីគោល ដែលជាស្ថាប័នគោលនយោបាយចិនកំពូល របស់កោះតៃវ៉ាន់។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់ឈ្មោះ Up Media បាននិយាយថា លោក Kao Ming-Tsu បានបដិសេធចុះហត្ថលេខាលើសេចក្តីប្រកាសដែលគាំទ្រទស្សនៈរបស់ក្រុងប៉េកាំងថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ “ចិនតែមួយ” នៅពេលដែលលោកកំពុងបន្តទិដ្ឋការការងាររបស់លោក។
បើតាមប្រភពនៅក្នុងទីក្រុងតៃបុិ ដែលបានដឹងពីការសម្រេចចិត្តរបស់លោក Kao Ming-Tsu បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់ពិតជាបានបដិសេធចុះហត្ថលេខាលើសេចក្តីប្រកាសដែលបង្ហាញដោយអាជ្ញាធរហុងកុងមែន។
មេដឹកនាំតៃវ៉ាន់ អ្នកស្រី Tsai Ing-wen បានបដិសេធចំពោះគំនិតនៃ “ចិនតែមួយ” និងបានចាត់ទុកកោះតៃវ៉ាន់ជា កោះប្រជាធិបតេយ្យ ដែលដឹកនាំខ្លួនឯង ជាពិសេសប្រជាជាតិឯករាជ្យ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តៃវ៉ាន់បានធ្វើការព្រមានថា ចិនអាចនឹងប្រើប្រាសច្បាប់សន្តិសុខជាតិសម្រាប់ធ្វើជាគោលនយោបាយចំណាប់ខ្មាំង និងបានជំរុញឲ្យប្រទេសប្រជាធិបតេយ្យទាំងអស់ រួបរួមគ្នាប្រឆាំងនឹងការពង្រីកស្វ័យភាពរបស់ក្រុងប៉េកាំង។
ក្រុងប៉េកាំង តែងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន និងត្រូវរួបរួមគ្នាវិញនៅថ្ងៃណាមួយ និងប្រកាសប្រើកម្លាំងទ័ពវាយតៃវ៉ាន់យកមកវិញ បើកោះនោះហ៊ានប្រកាសឯករាជ្យ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP