Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន​៖ ២​សប្តាហ៍​ដើមខែ​កក្កដា​នេះ​មាន​ភ្ញៀវទេសចរ​ដើរ​ទស្សនា​ជាង ៣១​ម៉ឺន​នាក់​

ភ្នំពេញ​៖ សម្រាប់​រយៈពេល​២​សប្ដាហ៍ ខែកក្កដា ឆ្នាំ​២០២០ ភ្ញៀវទេសចរផ្ទៃក្នុង​ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​មាន​ចំនួន​សរុប ៣១៣៣០០​នាក់ កើនឡើង ១,៦៧% បើ​ធៀប​នឹង​រយៈពេល​២​សប្តាហ៍​ចុងខែ​មិថុនា ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣០៧៨០៩​នាក់ កើនឡើង ២,៥៤% និង​ភ្ញៀវ​បរទេស​មាន​ចំនួន ៥៤៩១​នាក់ ថយចុះ ៣០,៨៩%​។ នេះ​បើតាម​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​តាមរយៈ​បម្រែបម្រួល​ភ្ញៀវទេសចរ​តាម​សប្តាហ៍ ក្រសួងទេសចរណ៍​សង្កេត​ឃើញថា​ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ហាក់​ស្ថិតក្នុង​ចំណុច​ថេរ​មួយ ហើយ​ចំនួន​ភ្ញៀវទេសចរ​សរុប​ក៏​ស្ថិតក្នុង​រង្វង់ ៦០-៦៥​ម៉ឺន​នាក់ ក្នុង​មួយខែ ថយចុះ ៣៥-៤០% បើ​ប្រៀបធៀប​នឹង​មុន​វិបត្តិ​កូ​វីដ​១៩​។ ស្ថិរភាព​នៃ​ចំនួន​ខាង​លើ អាច​បណ្តាលមកពី​រដូវ​នេះ​ជា​រដូវវស្សា​។​
​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា ទេសចរ​ជា​យុវជន​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង ទៅកាន់​តំបន់​អេកូ​ទេសចរណ៍​។​

​ចំណែក​នៅ​ខេត្តសៀមរាប ដែល​ធ្លាប់តែ​ជា​គោលដៅ​ទេសចរណ៍​សំខាន់ នៅ​មិនទាន់​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ដូច​មុន​កូ​វីដ​បាន​នៅឡើយ​ដែរ ដោយ​កម្ពុជា​នៅ​មិនទាន់​អនុញ្ញាតឱ្យ​មានកា​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នានា ដើម្បី​ជួយ​ទាក់ទាញ​ភ្ញៀវ ក្រៅពី​ទស្សនា​ប្រាសាទ ហើយ​សេវា​កម្សាន្ត​មួយចំនួន ពិសេស​នៅ Pub Street មិនទាន់មាន​ការអនុញ្ញាត​ឲ្យ​មានដំណើរ​ការឡើង​វិញ ខណៈ​គោលដៅ​ខេត្តសៀមរាប​ជា​គោលដៅ​ដែល​ភ្ញៀវ​ត្រូវតែ​សម្រាក​មួយ​យប់​យ៉ាងតិច ខុសពី​ខេត្ត​គោលដៅ​មួយចំនួនទៀត ដែល​ភ្ញៀវ​អាច​ទៅមក​វិល​ល្ងាច​បាន​។​

​ក្នុងករណី​ខេត្តសៀមរាប​ងើបឡើង​ប្រហាក់ប្រហែល​នឹង​ខេត្ត​ផ្សេង​នោះ ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​អាច​នឹង​ហក់​ឡើងដល់​ចំណុច ៨០-៨៥% ថយចុះ ២០-២៥% ប៉ុណ្ណោះ បើ​ប្រៀបធៀប​នៅមុន​ពេល​មាន Covid-19​។​
​កម្ពុជា​សង្ឃឹមថា ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នេះ​នឹង​ហក់​ឡើង​ខ្ពស់​មកវិញ​នៅ​ខែសីហា ដោយសារ​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​មាន​ថ្ងៃ​ឈប់សម្រាក​រយៈពេល​យូរ និង​នៅ​ខែកញ្ញា​ក៏​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ចំណែកឯ​ខែ​បន្តបន្ទាប់​ទៀត​ក៏​សម្បូរ​ថ្ងៃ​ឈប់សម្រាក ហើយ​ស្ថានភាព​កូ​វីដ​១៩ ក៏​អាច​នឹង​កាន់តែ​ធូរស្រាល​ជាង​នេះ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្នុង​ដំណើរ​កម្សាន្ត​ទេសចរ បុគ្គលិក​បម្រើការ និង​អ្នកគ្រប់គ្រង​មានការ​យកចិត្តទុកដាក់​អនុវត្តិ​វិធាន​សុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​បានល្អ​ប្រសើរ​៕​
ដោយ៖បញ្ញាស័ក្តិ

×