ភ្នំពេញ៖ ស្ដ្រីយកកាំបិតវះមុខក្មេងស្រីអាយុ ៥ឆ្នាំ ត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ទារុណកម្ម និងអំពើឃោរឃៅ ដោយមានស្ថានភាពទម្ងន់ទោស ហើយប្រសិនបើតុលាការ រកឃើញថាស្ត្រីរូបនោះ មានទោសដូចការចោទប្រកាន់ពិតមែន ស្ត្រីរូបនោះ អាចនឹងជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ ។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លើស្ដ្រីឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ ៥ឆ្នាំ ពីបទប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ ហើយសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តតាមនីតិវិធី។
ស្ត្រីជនសង្ស័យឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងនាំយកទៅសាកសួរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ហើយបានបញ្ជូនទៅតុលាការកាលពីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ ជនជាប់ចោទរូបនោះ យកកាំបិតអារមុខ ច្រមុះ ដៃ កុមារីម្នាក់អាយុ៥ឆ្នាំ ឈ្មោះ ឡាស់ម៉ាវី លីយ៉ា បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
ដោយ៖បញ្ញាស័ក្តិ