កំពង់ស្ពឺ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ចូលរួមសហការពីកងកម្លាំងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្ត បានស្រាវជ្រាវបង្ក្រាបរថយន្តដឹកឈើ ប្រណិតដោយគ្មានលិខិតអនុញ្ញាត ចំនួន ១គ្រឿង ម៉ាក HYUNDAI ពណ៌សឆ្នូតខៀវ ពាក់ផ្លាកលេខ ពោធិ៍សាត់ 3A-0180 នៅចំណុចផ្លូវលំគ្រួសក្រហម ចន្លោះគីឡូម៉ែត្រ៤៤-៤៥ស្ថិតក្នុងភូមិយ៉ាងពីស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនអ្នកបើកបររថយន្ដ ឈ្មោះ អ៊ី ផារី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩ និង១០នាទី។
យោងតាមការផ្ដល់ចម្លើយបឋមពីរអ្នកបើករថយន្ត ម៉ាក HYUNDAI ទម្ងន់៥តោន ផ្លាកលេខ ពោធិ៍សាត់ 3A-0180 បញ្ជាក់ថា រថយន្ដផ្ទុកឈើជ្រុងប្រភេទឈើធ្នង់ ” មិនទាន់ដឹងចំនួន “ជារបស់ឈ្មោះ ឆេង ធឿន ភេទប្រុស
អាយុប្រហែល៤០ឆ្នាំ រស់នៅម្ដុំផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ចំណែករថយន្តជារបស់លោក ជឿង ថេង រស់នៅផ្សារកន្ទួតរង្វង់មូលស្រុកឱរ៉ាល់។ បន្ថែមពីនោះ អ្នកបើកបរថា នៅវេលាម៉ោង៩ព្រឹក ថៃ្ងទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅបើករថយន្តនេះពីផ្ទះឈ្មោះ ជឿង ថេង ស្ថិតនៅភូមិគោកហើ យឆ្ពោះទៅកន្លែងលើកឈើភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ទៅជាមួយឈ្មោះ ហៀ ភេទប្រុស នៅភូមិទួលឈើនាង ឃុំសង្កែរសាទប ស្រុកឱរ៉ាល់ ក្រោយលើកឈើរួចរាល់ បើកត្រឡប់មកវិញ ដល់ចំណុចផ្លូវលំចេញភូមិយ៉ាងពីស ឃុំសង្កែសាទប ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនតែម្តង។
សូមបញ្ជាក់ ៖ ការផ្ដល់ចម្លើយខាងលើ គឺអ្នកបើកបររថយន្ដដឹកឈើ ជាអ្នកបញ្ជាក់រៀបរាប់ជូនសមត្ថកិច្ចនគរបាល ” ថា ដំណើររឿងគឺដូចអ្វី ដែលបានរៀបរាប់អ៊ីចឹង ឡានរបស់ឈ្មោះជឿង ថេង ចំណែកឈើ ជារបស់ឈ្មោះ ឆេង ធឿន ” ករណីបន្ដសមត្ថកិច្ចនគរបាល និងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែងឈើ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ។
ចូលរួមបង្ការ ទប់ស្កាត់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិដើម្បីរក្សាការពារព្រៃឈើ នៅកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថៃ្ង៩កក្កដា ជា” ពិធីរុក្ខទិវា “៕
ដោយ៖បញ្ញាស័ក្តិ