ខេត្តស្វាយរៀង៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមចោរកម្ម៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅជនបទ ដែលក្រុមនេះលួចមិនរើសអ្វីៗក៏ពួកគេលួចយកដែរ ឲ្យតែឃើញ ហើយក្រៅពីដើរលួចទ្រព្យរបស់គេ គឺជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនខុសច្បាប់ទៀត។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ករណីឈានដល់ការចុះបង្ក្រាបបាននេះ គឺនៅវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋឈ្មោះសោម សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង បានរាយការណ៍មកសមត្ថកិច្ចយើងថា មានចោរចូលលួចធុងបាសនៅផ្ទះរបស់ខ្លួន អស់ធុងបាសចំនួន១គ្រឿង កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង១៥នាទីទៀបភ្លឺ ខ្លួនក៏បានស្គាល់ភិនភាគដេញតាមតែចាប់មិនបាន។ ក្រោយពីទទួលព័ត៌មាននេះ ភ្លាមសមត្ថកិច្ចយើងបានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តៀងរាយ ចុះដល់កន្លែងកើតហេតុស្រាវជ្រាវ ទើបឈានដល់ការចាប់នាំខ្លួនក្រុមចោរចំនួន៣នាក់ ដើម្បីសាកសួរ។
ជនសង្ស័យ ទី១ ឈ្មោះប៊ីក សំរិត ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ទី២ ឈ្មោះម៉ន ដា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងទី៣ ឈ្មោះម៉ន ឌឿន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានចូលលួចធុងបាស់ ចំនួន១គ្រឿងរបស់ឈ្មោះសោម សារឿន ពិតប្រាដកមែន ហើយធ្លាប់ធ្វើសកម្មភាពលួចយកម៉ូទ័របូមទឹកជាច្រើនគ្រឿងទៀត របស់ប្រជាពលរដ្ឋនៅក្នុងឃុំកណ្តៀងរាយផងដែរ។ ជនសង្ស័យទាំង៣នាក់នេះគឺ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនទៀតផង។
បន្ទាប់សមត្ថកិច្ចធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូន មកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់ការបន្តតាមនីតិវិធី៕ដោយ៖វ៉ៃកូ