ដើម្បីពិភាក្សានិងកែសម្រួល ភាពខ្វះចន្លោះក្នុងកិច្ចព្រមព្រៀងប្រតិបត្តិការ ថែទាំ និងគ្រប់គ្រងណ្តោះអាសន្នផ្លូវដែកភាគខាងជើង ដើម្បី ឱ្យការអនុវត្តមានភាពច្បាស់លាស់ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនរ៉ូយ៉ាលរេលវេ (Royal Railway) របស់អ្នកឧកញ្ញា គិត ម៉េង បានជួបប្រជុំពិភាក្សា និងកែសម្រួលកិច្ចព្រមព្រៀងសម្បទានផ្លូវដែកភាគខាងជើង សម្រាប់ប្រតិបត្តិការ ថែទាំ និងគ្រប់គ្រងណ្តោះអាសន្ន
ថ្ងៃចន្ទទី២០ ខែកក្កដា ឆ្នាំ២០២០ នៅ ទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមអ្នកតំណាងអ្នកឧកញ្ញា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាលរេលវេ (Royal Railway) និងក្រុមការងារអន្តរក្រសួងសម្រាប់ចរចា កែសម្រួលកិច្ចព្រមព្រៀងសម្បទានផ្លូវដែក ជាមួយក្រុមហ៊ុនរ៉ូយ៉ាលរេលវេ (Royal Railway)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សានិងកែសម្រួល ភាពខ្វះចន្លោះក្នុងកិច្ចព្រមព្រៀងប្រតិបត្តិការ ថែទាំ និងគ្រប់គ្រងណ្តោះអាសន្នផ្លូវដែកភាគខាងជើង ដើម្បី ឱ្យការអនុវត្តមានភាពច្បាស់លាស់។
សូមជម្រាបជូនថា៖ ផ្លូវដែកភាគខាងជើងរបស់ព្រះរាជាណាចក្រកម្ពុជាភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នកាល ពីចុងឆ្នាំ២០១៨កន្លងទៅនេះ។ វាបានជួយបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និង ដឹកជញ្ជូនឲ្យកាន់តែមានភាពល្អប្រសើរ។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណអង្គប្រជុំ ដែលបានផ្តល់ធាតុចូលសំខាន់ៗទាក់ទង នឹងនីតិវិធី និងបញ្ហាបច្ចេកទេស ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយក បានពីសំណាក់ភាគីទាំងពីរ៕
ដោយ៖កូឡាប