Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ងាប់ហើយ… ដល់មានមនុស្សស្លាប់ ទើបរកឃើញគ្លីនិកអត់ច្បាប់ ៥ទីតាំង ថែមទៀតក្នុងក្រុងដូនកែវ, មហាជនសំណូមពោលថា កុំមានវិធានការត្រឹមតែម្ចាស់គ្លីនិកអត់ច្បាប់ សូមមានវិធានការចំពោះប្រធានសុខាភិបាលខេត្តតាកែវផង

ភ្នំពេញ ៖ គោរួចទើបធ្វើរបង ដល់ពេលប្រឡង ទើបខំរៀន… ករណីបើកគ្លីនិកគ្មានច្បាប់នៅតាមទីប្រជុំជនពាសវាលពាសកាល ជារឿងប្រសើប និងជាការថ្កោលទោសពីមជ្ឈដ្ឋានសាធារណៈនោះ មន្ទីរសុខាភិបាលខេត្ត​តាកែវ និងអាជ្ញាធរក្រុងដូនកែវ បានរកឃើញគ្លីនិកឯកជនគ្មានច្បាប់អនុញ្ញាតរហូតដល់ ៥ទីតាំងឯណោះ កំពុងដំណើរការ​ និងបានចេញសេចក្តីជូនដំណឹងឱ្យផ្អាកដំណើរការជាបន្ទាន់។

អ្វីដែលមហាជនហួសចិត្តនោះ​ គឺមន្ទីរសុខាភិបាលដែលជាសាមី មើលការខុសត្រូវ​លើសេវាសុខាភិបាលនេះ បែរជាបណ្តែតបណ្តោយមើលមិនឃើញគ្លីនិកអត់ច្បាប់បើកដំណើរការរាប់ឆ្នាំទៅវិញ? តើជាការគប់គិតគ្នារវាងម្ចាស់គ្លីនិកនៅក្រុងដូនកែវ ជាមួយនឹងសមត្ថកិច្ចជំនាញនៃមន្ទីរសុខាភិបាលខេត្តតាកែវ ឬយ៉ាងណា ? ហេតុអ្វី បានជាបណ្ដែតបណ្ដោយឲ្យគ្លីនិកទាំង ៥ ទីតាំងនោះ ដំណើរការដោយអត់ច្បាប់រាប់ឆ្នាំមកយ៉ាងស្រួលដូច្នេះ? បើគ្មានការគប់គិតគ្នាទេ វាមិនអាចទៅរួចឡើយ !!!

លោក​ ផាន់​ វ៉ាន់​ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ​ បាននិយាយខ្លីៗ ក្រោយផ្ទុះរឿងចាក់ថ្នាំខុសបច្ចេកទេស បណ្ដាលឱ្យស្លាប់ស្ត្រីវ័យ ៤១ឆ្នាំម្នាក់ឈ្មោះ ណាំ ចន្ធូ នោះថា​ រដ្ឋបាលខេត្តតាកែវ បានបង្កើតគណៈកម្មការចម្រុះចុះស្រាវជ្រាវលើគ្លីនិកឯកជន​ទូទាំងខេត្ត​ ដែលមាន ឯកឧត្តម វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ ជាប្រធាន។ ជាលទ្ធផល ក្នុងក្រុងដូនកែវ ត្រូវបានរកឃេីញគ្លីនិកអត់ច្បាប់ ៥ទីតាំង រួមមាន ÷
១- មន្ទីរសម្រាកព្យាបាល និងសម្ពព ឃ្វីន
២- មន្ទីរសម្រាកព្យាបាល និងសម្ពព ដូនកែវ
៣- មន្ទីរសម្រាកព្យាបាល និងសម្ពព ចន្ដារង្សី
៤- មន្ទីរសម្រាកព្យាបាល និងសម្ពព សាំងជិនជូ
៥- មន្ទីរសម្រាកព្យាបាល ប៉ុលសុខា។

ករណីរកឃើញទីតាំងគ្លីនិកបម្រើសេវាសុខាភិបាលអត់ច្បាប់ ៥ កន្លែង ក្នុងក្រុងដូនកែវនេះ ផ្ដើមចេញពី ក្រោយមានរឿងឃាតកម្មអចេតនា ចាក់ថ្នាំខុសបច្ចេកទេសរបស់ម្ចាស់គ្លីនិក សម្រាកព្យាបាល និងសម្ភព សុងហាក់ម៉ារីណា​ ស្ថិតនៅភូមិបឹងបញ្ញាគុក​ ឃុំត្រពាំងក្រសាំង​ ស្រុកបាទី​ ខេត្តតាកែ​ បណ្តាលឱ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិត និងបានយកសពទៅប្លុងចោលមិនទទួលខុសត្រូវ​ ទើបដឹងថា គ្លីនិកខាង លើនេះ បើកបម្រើសេវាសុខាភិបាលដោយគ្មានច្បាប់អនុញ្ញាត, នេះជារឿងគួរឱ្យថ្កោលទោសខ្លាំងណាស់ ទាំងអ្នកប្រព្រឹត្តបើកគ្លីនិកអត់ច្បាប់ និងសមត្ថកិច្ចជំនាញនៃមន្ទីរសុខាភិបាលខេត្តតាកែវ, ហើយនៅពេលដឹងថា មានមនុស្សស្លាប់ក្នុងគ្លីនិកអត់ច្បាប់ខាងលើ ទើបខាងមន្ទីរសុខាភិបាលខេត្តតាកែវ លោតចេញមកស្ទុះស្ទារខំប្រឹងស្វែងរក និងធ្វើការត្រួតពិនិត្យទៅលើគ្លីនិកនីមួយៗ, នេះគេហៅថា គោរួចទើបធ្វើរបង ដល់ពេលប្រឡង ទើបខំរៀន… ប៉ុន្តែទោះជាយ៉ាងណា មនុស្សបានស្លាប់អសារបង់បាត់ទៅហើយ។

មហាជន ក៏ដូចជាមន្ត្រីរាជការក្នុងខេត្តតាកែវ បានសំណូមពរដល់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តតាកែវ មិនត្រឹមតែមានចំណាត់ការ វិធានការ ទៅលើម្ចាស់គ្លីនិកបម្រើសេវាសុខាភិបាលអត់ច្បាប់ទាំងនោះទេ, គួរណាស់តែមានវិធានការទៅលើប្រធានមន្ទីរសុខាភិបាលខេត្តតាកែវផងដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×