បន្ទាយមានជ័យ ៖ ពាក់ព័ន្ធនឹងករណីមានពលរដ្ឋក្នុងភូមិចំនួន២ក្នុងក្រុងប៉ោយប៉ែត មានបញ្ហាសុខភាពដូចជា ក្តៅខ្លួនឡើងកំដៅលើសពី៣៨អង្សា ចេញស្នាមកន្ទួលរមាស់ ឈឺសន្លាក់ដៃជើង ឈឺ ក ជាដើម ត្រូវបានលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មាន តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះថា “ក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំក្នុងការ សិក្សានិងពិនិត្យមើលឲ្យបានច្បាស់លាស់ នូវហេតុការណ៍នៃការកើតឡើងបញ្ហាសុខភាពរបស់បងប្អូនយើងនៅទីនោះ”។
លោកជំទាវ បានបន្ថែមថា “ចាំច្បាស់លាស់ ហើយទុកពេលឲ្យក្រុមគ្រូពេទ្យធ្វើការសិន ហើយបើមានព័ត៌មានយ៉ាងម៉េចទៀត ខ្ញុំនឹងជូនព័ត៌មានពិស្តាបន្ថែមទៀត”។
សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា ៖ ករណីពលរដ្ឋអ្នកមានបញ្ហាសុខភាពនៅភូមិក្បាលកោះ និងភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ដែលផ្ទុះជំងឺមួយ កាលពីថ្ងៃទី១៩ខែកក្កដា គឺក្រុមការងារគ្រូពេទ្យចុះពិនិត្យសុខភាពដល់ទីតាំង និងបញ្ជូនមកមន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៅត្រឹមថ្ងៃទី២០ខែកក្កដា មានចំនួនសរុប៦០នាក់ ស្រី៣៣នាក់ និងក្មេងផងដែរ ហើយបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំនួន៧នាក់ (មនុស្សធំ ម្នាក់ និងក្មេង៦នាក់)។
លោកបានបន្តថា ៖ ” យើងមិនទាន់កំណត់បានថា ជាជំងឺអ្វីឲ្យបានច្បាស់លាស់នៅឡើយទេ គឺរង់ចាំលទ្ធផលនៃការវិភាគឈាមសិន គឺក្រុមការងារឆ្លើយតបបន្ទាន់ និងកម្មវិធីជាតិ នឹងបន្តចុះតាមដាន និងបូមឈាមយក ពីកុមារម្នាក់ និងមនុស្សចាស់ម្នាក់ដែលមានបញ្ហាទាំង៦នាក់ យកទៅវិភាគនៅមន្ទីរពិសោធន៍ជាតិ ក្រសួងសុខាភិបាលរាជធានីភ្នំពេញ ” ។
យោងតាមប្រធានការិយាល័យស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យ មណ្ឌលសុខភាព បានចុះត្រួតពិនិត្យដល់តាមខ្នងផ្ទះប្រជាពលរដ្ឋ មន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋផ្ទាល់ ដែលមានបញ្ហាសុខភាពថា នៅក្នុងភូមិក្បាលកោះ និងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត កាលពីថ្ងៃទី១៩ ខែកក្កដា ពលរដ្ឋក្នុងភូមិមានបញ្ហាសុខភាពដូចជា ក្តៅខ្លួនឡើងកំដៅលើសពី៣៨អង្សា ចេញស្នាមកន្ទួលរមាស់ ឈឺសន្លាក់ដៃជើង ឈឺ ក ជាដើម ។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្ត រួមដំណើរដោយលោកង៉ោ ម៉េងជ្រូន លោក អភិបាលក្រុង ចៅសង្កាត់ និង លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ព្រមទាំងសមាសភាពសុខាភិបាល និងគ្រូពេទ្យដូចខាងលើ បានចុះទៅពិនិត្យស្ថានភាព នៃការផ្ទុះជំងឺម្យ៉ាងនោះ ។
ជាការកត់សម្គាល់ បរិស្ថាននៃការរស់នៅជុំវិញ មិនមានអនាម័យល្អ នៃតំបន់ពលរដ្ឋរស់នៅសំណង់មិនរៀបរយ (ចំណុចអូរព្រំដែន និងក្បែរស្ថានីយរថភ្លើង) កង្វះអនាម័យរស់នៅ និងហូបចុក។
ជាអនុសាសន៍ណែនាំ របស់លោកអ៊ុំ រាត្រី អភិបាលខេត្តថា ៖ មន្ត្រីនិងក្រុមការងារ បន្តចុះអប់រំសុខភាពអំពីការរស់នៅស្អាត អនាម័យខ្លួនប្រាណ ការហូបចុក ធ្វើអនាម័យជុំវិញផ្ទះសម្បែង ត្រូវគេងក្នុងមុងឲ្យបានត្រឹមត្រូវ និងមានបញ្ហាសុខភាពត្រូវទៅពិគ្រោះ ព្យាបាលជាមួយគ្រូពេទ្យ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។
ចំពោះមន្ទីរសុខាភិបាលខេត្ត ត្រូវបន្តការតាមដាន និងស្រាវជ្រាវ កំណត់ប្រភេទជំងឺឲ្យបានឆាប់រហ័យ ។
ចុះផ្តល់សារអប់រំសុខភាព និង ដាក់អាបែតសម្លាប់ដង្កូវទឹក ជាជម្រកមូសខ្លា និងត្រូវសហការគ្នាឲ្យបានល្អប្រសើរជាមួយ អាជ្ញាធរមូលដ្ឋាន ហើយអន្តរាគមន៍ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីថរក្សាសុខភាពបងប្អូនប្រជាពលរដ្ឋ ៕
ដោយ ៖ កូឡាប