ប្រទេសចិនបានធ្វើការព្រមាន កាលពីថ្ងៃចន្ទថា អង់គ្លេសកំពុងតែដើរខុសផ្លូវ ក្រោយពេលរដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab បានប្រកាសពីការផ្អាកកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយនឹងទីក្រុងហុងកុង ដែលធ្វើឲ្យកាន់តែមានភាពតានតឹងរវាងប្រទេសទាំងពីរ។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងប្រាប់សន្និសិទសារព័ត៌មានដូច្នេះថា ទីក្រុងប៉េកាំងនឹងប្រឆាំងដាច់ខាងចំពោះការជ្រៀជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយចិនក៏បាននិយាយថា ការចោទប្រកាន់ថា ខ្លួនកំពុងធ្វើបាបក្រុមជនជាតិដើមភាគតិចនៅតំបន់ Xinjiang ថាជាការបង្កាច់បង្ខូច។
អ្នកនាំពាក្យដដែលនិយាយថា “ពួកយើងសូមជំរុញចក្រភពអង់គ្លេស កុំឲ្យដើរខុសផ្លូវបន្ថែមទៀត ដើម្បីចៀសវាងការបំផ្លាញបន្ថែម ចំពោះទំនាក់ទំនងរវាងចិន និងចក្រភពអង់គ្លេស”។
“ការលើកឡើងខុសឆ្គងថ្មីៗ និងវិធានការចំពោះទីក្រុងហុងកុង បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងបទដ្ឋាននៃការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ… ចិនសូមថ្កោលទោស និងប្រឆាំងដាច់ខាងចំពោះវា”។
ការចេញច្បាប់សន្តិសុខជាតិកាលពីខែមុន លើទីក្រុងហុងកុង ទទួលរងការរិះគន់ជាខ្លាំងពីអន្តរជាតិ និងប្រទេសផ្សេងៗទៀត។ ច្បាប់នោះ ត្រូវបានអ្នកជំនាញ់មើលឃើញថា នឹងបំផ្លាញសល់សិទ្ធិសេរីភាព និងស្វ័យភាពរបស់ទីក្រុងហុង។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាឲ្យក្រុមហ៊ុនទាំងអស់នៅក្នុងអង់គ្លេសដកឧបករណ៍របស់ ក្រុមហ៊ុន Huawei ចេញពីប្រព័ន្ធពួកគេទាំងអស់មុនបំណាច់ឆ្នាំ ២០២៧។
ជុំវិញបញ្ហានោះ ប្រទេសចិនបានចោទប្រកាន់អង់គ្លេសថា ធ្វើដើម្បីផ្គាប់ចិត្តអាមេរិច។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅអោយចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP