Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ៖ កម្ពុជា​អាច​គ្រប់គ្រង​បញ្ហា​ជនបរទេស បញ្ហា​ជនអន្តោប្រវេសន៍ បានល្អ​ប្រសើរ​

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្ដីអំពី​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​

​ក្រោម​អធិបតីភាព​សម្ដេច​ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ ឯកឧត្តម​អគ្គនាយក និង​អគ្គនាយករង ក្នុងនោះ​រួមមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក​អន្តោប្រវេសន៍ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ឲ្យ​ក្រសួងមហាផ្ទៃ​ជាច្រើនរូប​ទៀត​។​

​អញ្ជើញ​មានប្រសាសន៍​បើ​កិច្ចប្រជុំ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ ស្ដីអំពី​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នា​ថ្ងៃនេះ​បានធ្វើ​ឡើង​តាម​សំណើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ សម្ដេច​បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​មួយ​វែង​សមគួរ​កន្លងមក ទោះបី​មានការ​រិះគន់​ខ្លះ ប៉ុន្តែ​យើង​បាន​គ្រប់គ្រង​ជនបរទេស ជនអន្តោប្រវេសន៍​បានល្អ​ប្រសើរ​ជាង​មុន​។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា បៀ​ប​ធៀប​នឹង​សម័យកាល​មុនៗ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ទើបតែ​សម័យកាល​បច្ចុប្បន្ននេះ​ទេ ដែល​ប្រទេស​កម្ពុជា​យើង​អាច​គ្រប់គ្រង​បញ្ហា​ជនបរទេស បញ្ហា​ជនអន្តោប្រវេសន៍ បានល្អ​ប្រសើរ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បានសម្រេច​បង្កើតឱ្យមាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​កោតសរសើ​ចំពោះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បាន​អនុវត្ត​កិច្ចការងារ គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​នៅក្នុង​កម្ពុជា​ប្រកបដោយ​ភាពត្រឹមត្រូវ បើទោះបីជា​ក្នុង​រយៈកាល​កន្លងមក​មានមតិ​រិះគន់ និង​ការមិន​ពេញចិត្ត​ចំពោះ​ករណី​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​នេះ​យ៉ាងណាក្តី​។ សម្តេច​ក្រឡាហោម​បាន​បន្តថា បច្ចុប្បន្ន​ការគ្រប់គ្រង វត្តមាន​ជនបរទេស​នៅ​កម្ពុ​ជាមាន​លក្ខណៈ​ងាយស្រួល និង​មាន​ភាពច្បាស់លាស់​ជាង​មុន ដោយហេតុថា​រាល់​ការងារ​ចុះបញ្ជី​វត្តមាន ជនបរទេស​ទាំងអស់​មាន​ភាពត្រឹមត្រូវ​ជាង​មុន ដោយឡែក​ជនបរទេស​ដែល​មិន​បានមក​ចុះបញ្ជី​ស្របច្បាប់ នោះ​គឺ​មិន​ទទួលស្គាល់​ឡើយ​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មានប្រសាសន៍ថា មកដល់​ឆ្នាំ​២០១៩​នេះ ដើម្បី​ជម្រុញ​ការគ្រប់គ្រង​ជនបរទេស​មិនមែន​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព អគ្គនាយកដ្ឋាន​បាន​សិក្សា​ឡើងវិញ និង​ស្នើសុំ​ក្រសួង​កែសម្រួល​សេចក្ដីណែនាំ និង​ដាក់ចេញ​សេចក្ដីណែនាំ​ថ្មី​ស្ដីពី​ការគ្រប់គ្រង​វត្តមាន​ជនអន្តោប្រវេសន៍​ដែលមាន​វត្ត​មាននៅ​កម្ពុជា​។ ឯកឧត្តម​បាន​បន្ថែមថា អគ្គនាយកដ្ឋាន​បានដាក់​ចេញ​នូវ​ផែនការ​ដើម្បី​អនុវត្ត​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ ក្នុង​នោះបាន​សិក្សា​ដើម្បី​បង្កើត​ប្រព័ន្ធ​ព័ត៌មានវិទ្យា ធ្វើយ៉ាងណា​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ប្រតិបត្តិ​ការជូនដំណឹង​វត្តមាន​ជនបរទេស​របស់​ម្ចាស់​អាជីវកម្ម អ្នកកាន់កាប់​លំនៅដ្ឋាន មកកាន់​នគរបាល​មាន​សមត្ថកិច្ច ក្នុងការ​មានលទ្ធភាព​ពិនិត្យ​ទិន្នន័យ​ជនបរទេស​ដែល​ស្នាក់នៅ​ទីតាំង​របស់ខ្លួន ក៏ដូចជា​ការងារ​ស្រាវជ្រាវ​ផ្សេងៗ​។

​បន្ថែម​ពីនេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​លើកឡើងថា ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ ក្រុមបច្ចេកទេស​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​មានការ​រៀបចំ​ពី​ប្រព័ន្ធ​កុំព្យូទ័រ មក​ប្រព័ន្ធ​កម្មវិធី​ថ្មី​(App) ដែលមាន​ឈ្មោះថា​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​នៅ​កម្ពុជា (FPCS) ដែល​ប្រព័ន្ធ​នេះ​អាច​ប្រើប្រាស់​បាន ដោយ​គ្រាន់តែ​ធ្វើការ​ស្កេ​ន​លើ​លិខិតឆ្លងដែន ហើយ​អាច​ទាញយក​ទិន្នន័យ​ចូលក្នុង​ប្រព័ន្ធ​ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី​។ ឯកឧត្តម បាន​បន្តថា កន្លងមក អគ្គនាយកដ្ឋាន​ក៏បាន​ចាត់​ក្រុមបច្ចេកទេស​ចុះ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បង្រៀន​ដល់​ប៉ុស្ដិ៍​រដ្ឋបាល​ទាំងអស់​ឲ្យ​យល់ និង​ចេះ​ប្រើប្រាស់​ប្រព័ន្ធ របៀប​ចុះបញ្ជី ហើយ​ប្រើប្រាស់​នគរបាល​រដ្ឋបាល​ជាសំខាន់​ក្នុងការ​គ្រប់គ្រង​ជនបរទេស​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​ការងារ​របស់​នគរបាល​រដ្ឋបាល​មាន​លក្ខណៈ​សកម្ម ហើយ​ពួកគាត់​ជួយ​ជម្រុញ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​បានល្អ​។

​ជាងនេះទៀត ឯកឧត្តម​ក៏បាន​លើកឡើងថា ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​នៅ​កម្ពុជា នេះ​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​ម្ចាស់​ទីតាំង​ផង និង​នគរបាល​សមត្ថកិច្ច​ផង ដោយ​ម្ចាស់​ទីតាំង​អាច​ប្រើប្រាស់​ទិន្នន័យ​ក្នុង​ប្រព័ន្ធ ដើម្បី​ផ្ទៀងផ្ទាត់​ភ្ញៀវ​ចេញ​-​ចូល ហើយ​នគរបាល​មូលដ្ឋាន​អាច​ឆែក​មើលថា​ក្នុង​មូលដ្ឋាន​មាន​ភ្ញៀវ​ប៉ុន្មាន​នាក់ ស្នាក់នៅ​គោលដៅ​ណាមួយ​។​

​សូម​ជម្រាបជូន​ថា ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​នៅ​កម្ពុជា (FPCS) នេះ​ជា​កម្មវិធី​App ដែល​អាច​ប្រើប្រាស់​តាមរយៈ​ទូរ​សព្ទ​, Tablet ឬ​កុំព្យូទ័រ ដោយ​គ្រាន់តែ​ធ្វើការ​ស្កេ​ន​លើ​លិខិតឆ្លងដែន ហើយ​ម្ចាស់​ទីតាំង ឬ​ម្ចាស់​អាជីវកម្ម​អាច​តំឡើង​កម្មវិធី​នេះ​បាន​ដោយ​ងាយស្រួល​។ ព្រម​ជាមួយគ្នានេះ ដើម្បី​សម្រួល​និង​ជំនួយ​ដល់​ការប្រើប្រាស់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក៏បាន​រៀបចំ​ជា​មេរៀន​ខ្លីៗ ស្ដីពី​របៀប​តំឡើង ក៏ដូចជា​របៀប​ប្រើប្រាស់​កម្មវិធី​ជា​៣​ភាសា គឺ​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន​ផងដែរ​៕

ដោយ៖កូឡាប

 

×