ភ្នំពេញ៖ អាជ្ញាធររាជធានី និងអាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ ដែលគ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនវិស្វករម្នាក់និងអ្នកគ្រប់គ្រងសំណង់ម្នាក់ ក្រោយមានករណីធ្លាក់ដែកចំបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ខុនដូរ៩៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ភ្លាមៗបន្ទាប់ពីមានករណីនេះកើតឡើង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង ។ ជាលទ្ធផលទីតាំងសំណង់ខុនដូ៩៩៩ នេះ គឺ គ្មានលិខិតអនុញ្ញាតសាងសង់ ជារបស់ឈ្មោះ ទាវ ធីតា ភរិយាលោកថោង សារ៉ាត់ ជាអតីតឧកញ៉ាម្នាក់ ហើយការធ្លាក់ដែកត្រូវចំអ្នកដំណើរនេះ គឺ គ្មានកម្មករ គ្មានជាងនៅធ្វើការនោះទេ
ដូច្នេះ លោក មាន ចាន់យ៉ាដា បានសម្រេចធ្វើការបិទការដ្ឋានសំណង់នេះ ទាំងស្រុង និង ហាមដាច់ខាតមិនឲ្យមានកម្មករស្នាក់នៅក្នុងការដ្ឋាននោះទេ រង់ចាំមានលិខិតអនុញ្ញាតទើបអាចបន្តសាងសង់បាន ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវអាជ្ញាធរ ឃាត់ខ្លួន រួមមាន ៖
១. ឈ្មោះ ម៉ីម៉ា រ៉ាឌី ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ ៨C ផ្លូវលំ ភូមិគោឃ្លាង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជា វិស្វករសំណង់ និងជាអ្នកគ្រប់គ្រង ។
២- ឈ្មោះ អ៊ុង សាវឿន ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមេការ និងជាអ្នកគ្រប់គ្រង ។
ចំណែកជនរងគ្រោះមានឈ្មោះ ឈិត សុភាព ភេទប្រុស អាយុ៦១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣F ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអនុប្រធានភូមិទួលរកា១។
វត្ថុតាងចាប់យក ដែកទីបជ្រុងចំនួន ១ដើម ប្រវែង ២,៨០ម៉ែត្រ ម៉ូតូ ០១គ្រឿងម៉ាក អ៊ែរប្លែត ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាក់លេខ 1 AP -3136 ជារបស់ជនរងគ្រោះ មួកសុវត្ថិភាពចំនួន ០១ ជារបស់ជនរងគ្រោះ ពូក ពណ៌ទឹកក្រូច ចំនួន០១ជារបស់ជនរងគ្រោះ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ម៉ាក អ៊ែរប្លែត ពណ៌ខ្មៅ ខ្មៅលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1 AP -3136 ដឹកពូកចេញម្ដុំចំការដូង គោលបំណងយកពូកទៅឲ្យគេ នៅម្ដុំអង់តែនទួលគោក ហើយពេលជនរងគ្រោះ ជិះម៉ូតូមកដល់ កន្លែងកើតហេតុខាងលើ ក៏មានធ្លាក់ដែកទីបជ្រុងចំនួន ១ ដើម ប្រវែង ២,៨០ម៉ែត្រ ធ្លាក់ពីលើជាន់ទី១៩ អគារខុនដូ ៩៩៩ របស់លោកថោង សារ៉ាត់ ដែលកំពុងសាងសង់មានកម្ពស់ ២២ ជាន់ ធ្លាក់ត្រូវចំក្បាលជនរងគ្រោះ ដែលមានសុវត្ថិភាព កំពុងជិះម៉ូតូ បណ្ដាលឲ្យជនរងគ្រោះ បែកមួកសុវត្ថិភាព និងក្បាលហូរឈាមផ្នែកខាងស្ដាំ។ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ។
សមត្ថកិច្ចឃាត់ជនសង្ស័យ ដែលជាអ្នកគ្រប់គ្រងការដ្ឋានសំណង់ខាងលើ ដើម្បីធ្វើការសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖បញ្ញាស័ក្តិ