អាជ្ញាធរអ៊ីរ៉ង់បានធ្វើការដោះលែងអ្នកទោសប្រហែល ៣៦.០០០នាក់ ដែលវាគឺជាផ្នែកមួយនៃដំណាក់កាលថ្មី ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត COVID-19 នៅក្នុងពន្ធនាគារ។ នេះបើតាមប្រធានពន្ធធនាគារ Mohammad Mehdi Haj-Mohammadi និយាយនៅថ្ងៃចន្ទនេះ។
លោកបញ្ជាក់ថា “ចាប់តាំងពីថ្ងៃទី ៨ ខែកក្កដាមក អ្នកទោសចំនួន ៣៦.២៨៣នាក់ ត្រូវបានដោះលែង”។ អ្នកនាំពាក្យតុលាការនិយាយថា អាជ្ញាធរនឹងបន្តកាត់បន្ថយអត្រាស្នាក់នៅក្នុងពន្ធនាគារ ដើម្បីចៀសវាងការរាតត្បាតវីរុសកូរ៉ូណាក្នុងចំណោមអ្នកទោស។
សម្រាប់បញ្ហានេះ វាតម្រូវឲ្យមានការពិនិត្យឡើងវិញពីករណីលំអិតរបស់អ្នកទោស។ ជាងនេះទៅទៀត អាជ្ញាធរកំពុងតែព្យាយាមប្រើប្រាស់វិធីផ្សេងៗ ក្នុងការដាក់ទណ្ឌកម្ម ជាជាងការដាក់គុក ពេលដែលអាចធ្វើបាន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៥ ខែឧសភាមក អ៊ីរ៉ង់បានធ្វើការដោះលែងអ្នកទោសបណ្តោះអាសន្នចំនួនជាង ១១៤.០០០នាក់ ដែលបានអនុវត្តទោស។ ទោះយ៉ាងណា ការដោះលែងនោះមិនមានអ្នកទោសដែលមានគ្រោះថ្នាក់ដល់សង្គមឡើយ។
បើតាមតួលេខចុងក្រោយ អ៊ីរ៉ង់មានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួនជាង ២៧៦.០០០ករណី និងស្លាប់ប្រហែល ១៤.៤០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Sputnik