កំពង់ធំ ៖ ឃាតករពុំត្រូវបានគេស្គាល់អត្តសញ្ញាណ បានវាយសម្លាប់ស្ត្រីម្នាក់ រួចយកសពទៅបោះចូលទឹកស្រះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាគ្រូពេទ្យ បើកបន្ទប់ព្យាបាលជំងឺទូទៅ ត្រូវជនសង្ស័យកាប់ចំកខាងក្រោមត្រចៀក ហើយសពជនរងគ្រោះ ត្រូវប្តី បានប្រទះឃើញនៅក្នុងស្រះទឹកក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ។ ចំណែកឃាតករពុំត្រូវបានគេស្គាល់អត្តសញ្ញាណទេ បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយ បានរត់គេចខ្លួនបាត់ ខណៈពេលសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន។
សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ។ កម្លាំងនគរបាននាំខ្លួនប្តី និងឪពុកក្មេក ទៅអធិកាដ្ឋានដើម្បីសាកសួរ ៕
ដោយ៖បញ្ញាស័ក្តិ