ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានបង្ហាញពីឆន្ទៈ ក្នុងការសហការជាមួយនឹងប្រទេសចិន និងប្រទេសផ្សេងៗទៀត ដើម្បីនាំយកវ៉ាក់សាក់ COVID-19 មកអាមេរិច។
នៅពេលសួរថាតើរដ្ឋបាល របស់លោកនឹងសហការជាមួយចិន សម្រាប់ធ្វើវ៉ាក់សាំង ដល់ប្រជាជនអាមេរិចឬយ៉ាងណា លោកបាននិយាយថា “ពួកយើងមានឆន្ទៈធ្វើកិច្ចការជាមួយអ្នកទាំងឡាយណា ដែលនឹងផ្តល់លទ្ធផលល្អដល់យើង”។
ការប្រកាសពីឆន្ទៈក្នុងការសហការជាមួយចិន ទោះបីកំពុងមានភាពតានតឹងរវាងប្រទេសទាំងពីរ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលអ្នកស្រាវជ្រាវ បាននិយាយថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន CanSino Biologic និងរបស់ក្រុមស្រាវជ្រាវយោធាចិន ទំនងជាមានសុវត្ថិភាព។
វ៉ាក់សាំងរបស់ក្រុមហ៊ុន CanSino Biologic ស្ថិតក្នុងចំណោមវ៉ាក់សាំងជាច្រើន ដែលបានបង្ហាញពីក្តីសង្ឃឹម ក្នុងការធ្វើតេស្តលើមនុស្សដំបូង។ ក្រុមហ៊ុនផ្សេងៗទៀត ដែលត្រៀមសម្រាប់ការសាកល្បង មានវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិច Moderna ក្រុមហ៊ុនរបស់អាឡឺម៉ង BioNTech ដែលបានសហការជាមួយនឹងក្រុមហ៊ុនផលិតថ្នាំអាមេរិច Pfizer។
ដោយឡែក វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន Sinovac កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការសាកល្បងលើមនុស្សទ្រង់ទ្រាយធំ ដំណាក់កាលទី ៣ ដែលវាជាក្តីសង្ឃឹម ក្នុងការធ្វើឲ្យពិភពលោកត្រឡប់ទៅកាន់ភាពធម្មតាវិញ ប្រសិនវាមានប្រសិទ្ធភាព និងសុវត្ថិភាព។
លោក ដូណាល់ ត្រាំ បានស្តីបន្ទោសចិនជាយូរមកហើយ ចំពោះការមិនគ្រប់គ្រងមិនល្អលើការរាតត្បាតវីរុសកូរ៉ូណា ដែលបានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិន និងបានកំពុងរាតត្បាតខ្លាំងនៅក្នុងអាមេរិច។ មនុស្សសរុបជាង ១៤០.០០០នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណានៅអាមេរិច និងមានអ្នកឆ្លងជិត ៤លាននាក់។
លោកដូណាល់ ត្រាំ បានថ្លែងថា “ខ្ញុំគិតថា ពួកយើងនឹងទទួលបានលទ្ធផលល្អខ្លះ។ ពួកយើងបានធ្វើតេស្តរួចរាល់ហើយ។ គ្មាននរណាគិតថាវាអាចកើតឡើងនោះឡើយ។ ខ្ញុំគិតថា អ្នកនឹងឃើញវិធីព្យាបាល និងវ៉ាក់សាំងដ៏ល្អនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ”៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters