Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អភិបាលខេត្ត​ស្វាយរៀង ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បង្កើន​ការអនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៅតាម​សហគមន៍

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ បានធ្វើ​ការជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​បង្កើន​ការអនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៅតាម​សហគមន៍ ដោយ​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវខិតខំ​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ របស់​រាជរដ្ឋាភិបាល ជូន​គ្រួសារ​ក្រីក្រ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី ចំ​គោលដៅ ចំ​មុខសញ្ញា ប្រកបដោយ​តម្លាភាព​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ។​

​លោក​អភិបាលខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ធ្វើការ​ថ្មី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ។​

​លោក​ម៉ែន វិបុល បាន​ថ្លែង​នូវ​ការកោតសរសើរ ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្ត ដែល​កន្លងមក តែងតែ​យកចិត្តទុកដាក់ ក្នុង​កសាង​នូវ​សមិទ្ធផល​នានា​ជាច្រើន ដើម្បី​សម្រួល​ដល់​ការបំពេញ​ការងារ របស់​កងកម្លាំង​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​ថ្លែង​អរគុណ​ដល់​លោក​អធិការនគរបាល​ក្រុង ដែល​បាន​ខិតខំ​ការ​កៀរគរ​ការចូលរួម វិស័យ​ឯកជន និង​សប្បុរសជន​ទាំងអស់ ជាពិសេស​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ដែល​បាន​ឧបត្ថម្ភ​ថវិកា ក៏ដូចជា​សម្ភារ​សម្រាប់​ការសាងសង់​អគារ​ធ្វើការ​ដ៏​ថ្មីស្រឡាង ដែល​ត្រូវដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅថ្ងៃនេះ ។​

​ជាមួយនេះ លោក​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ ដល់​កងកម្លាំង​ទាំងអស់ ដែល​កន្លងមកនេះ បាន​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន​យ៉ាង​ល្អប្រសើរ​ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ តាមរយៈ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ផ្សេងៗ បាន​ទាន់ពេលវេលា ដោយ​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​មកលើ​កម្លាំង​សមត្ថកិច្ច ព្រមទាំង​បានស្នើ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ច្បាប់​ចរាចរណ៍​ផ្លូវគោក ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ត្រូវ​បង្កើន​ការចុះ​ល្បាត​ឲ្យ​បាន​កាន់តែ​សកម្ម និង​រឹតបន្តឹង​ការអនុវត្ត​វិធានការ​បង្ការ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ហ្មត់ចត់​ជាទីបំផុត ដោយ​ត្រូវ​ត្រៀមកម្លាំង​ប្រចាំការ​ឲ្យ​បាន ២៤​ម៉ោង លើ ២៤​ម៉ោង ដើម្បី​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា និង​ធ្វើការ​បង្ក្រាប​ឲ្យ​ខាន​តែ​នូវ​បទល្មើស​គ្រប់​ប្រភេទ ដែល​បាន​កើតឡើង ជាពិសេស​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ រួមទាំង​បញ្ហា​អគ្គិភ័យ​ជាដើម ដើម្បី​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ទទួលខុសត្រូវ​របស់ខ្លួន​ឲ្យ​បានល្អ​ប្រសើរ ៕ ដោយ​៖ វ៉ៃ​កូ​


×