ភ្នំពេញ៖ វិស័យកសិកម្មនៅកម្ពុជា បានឆ្លងផុតពីប្រទេសខ្វះស្បៀង មកជាប្រទេសដែលមានស្បៀងហូបគ្រប់គ្រាន់ និងកំពុងជំរុញការនាំចេញនូវផលិតផលស្បៀង និងផលិតផលកសិកម្មជាច្រើនទៀត បើទោះបីជាវិស័យកសិកម្មនៅកម្ពុជា នៅជួបបញ្ហាប្រឈមជាច្រើន ដូចជា លទ្ធភាពស្រោចស្រព វត្ថុធាតុដើមដែលជាធាតុចូលកសិកម្ម (ការកែច្នៃជី ថ្នាំកសិកម្ម ចំណីសត្វ និងការប្រើប្រាស់គ្រឿងយន្ត នៅមានកម្រិត) ។
នៅរសៀលថ្ងៃពុធទី២២ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចជំនួបពិភាក្សាជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៅក្នុងវិស័យកសិកម្ម និងកាលានុវត្តភាពក្នុងការសិក្សាស្រាវជ្រាវនូវបច្ចេកវិទ្យាកែច្នៃធាតុចូលកសិកម្ម និងបច្ចេកវិទ្យាក្រោយពេលប្រមូលផល ក្នុងការជំរុញផលិតកម្មកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងធានានូវនិរន្តភាព។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូ ដែលជាក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ដែលបានចាប់អារម្មណ៍ផ្នែកកសិកម្ម ហើយក្រសួងក៏ទទួលស្វាគមន៍ចំពោះគំនិតថ្មីៗ សម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍ នៅក្នុងវិស័យកសិកម្មផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនថា វិស័យកសិកម្មនៅកម្ពុជា បានឆ្លងផុតពីប្រទេសខ្វះស្បៀង មកជាប្រទេសដែលមានស្បៀងហូបគ្រប់គ្រាន់ និងកំពុងជំរុញការនាំចេញនូវផលិតផលស្បៀង និងផលិតផលកសិកម្មជាច្រើនទៀតផងដែរ។ ដោយឡែកវិស័យកសិកម្មនៅកម្ពុជាក៏នៅជួបបញ្ហាប្រឈមជាច្រើន ដូចជាលទ្ធភាពស្រោចស្រព វត្ថុធាតុដើមដែលជាធាតុចូលកសិកម្ម (ការកែច្នៃជី ថ្នាំកសិកម្ម ចំណីសត្វ និងការប្រើប្រាស់គ្រឿងយន្ត នៅមានកម្រិត) និងបច្ចេកវិទ្យាក្រោយពេលប្រមូលក៏នៅមានកម្រិតផងដែរ។ ហេតុដូចនេះ វិស័យកសិកម្មនៅកម្ពុជា មានតម្រូវការវិនិយោគផ្នែកកម្មន្តសាលកសិកម្ម ដូចជារោចក្រកែច្នៃជី ថ្នាំកសិកម្ម ចំណីសត្វ និងរោងចក្រតម្លើងគ្រឿងយន្តកសិកម្ម ដើម្បីកាត់បន្ថយចំណាយថ្លៃដើមឱ្យនៅកម្រិតអប្បបរមា ព្រមទាំងរោងចក្រកែច្នៃផលិតផលកសិកម្ម ក្រោយពេលប្រមូលផលដើម្បីបង្កើនតម្លៃបន្ថែម។
លោកបណ្ឌិត ហេង ប៊ុន អ៉ី ជាអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា បានបញ្ជាក់ថា លោកធ្លាប់បានធ្វើការស្រាវជ្រាវពីប្រភេទឡសម្ងួត និងឡដុតសំរាម ដោយបានសហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ដោយពិនិត្យឃើញពីកាលានុវត្តភាព ក្នុងវិស័យកសិកម្មនៅកម្ពុជា លោកបណ្ឌិត មានគម្រោងចង់សហការជាមួយក្រសួង ក្នុងការស្រាវជ្រាវពីប្រភេទឡសម្ងួតខ្នាតតូច ដើម្បីជួយដល់កសិករខ្នាតតូច ឬសហគមន៍កសិកម្ម សម្រាប់ការសម្ងួតស្រូវ ឬផលិតផលកសិកម្មដទៃទៀត។ ក្រៅពីនេះ លោកបណ្ឌិត ក៏បានធ្វើការពិសោធន៍ស្រាវជ្រាវនូវប្រភេទទឹក ដែលមានសារជាតិអ៉ីយ៉ុងម្យ៉ាងដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលទឹកនេះអាចជួយបម្រើដល់ផ្នែកផលិតកម្មដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងវារីវប្បកម្ម។ ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ក៏បានស្នើសុំក្រសួងចូលរួមសហការសិក្សាពិសោធន៍ពីការប្រើប្រាស់ភក់នៅក្នុងបឹងទន្លេសាបសម្រាប់កែច្នៃ និងប្រើប្រាស់ជាជីកសិកម្មធម្មជាតិ។
ជារួម ឯកឧត្តមរដ្ឋមន្ត្រី សូមធ្វើការគាំទ្រនូវគំនិតនវានុវត្តន៍ សម្រាប់ការស្រាវជ្រាវរកនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមអ្នកស្រាវជ្រាវ ឱ្យគិតគូរពីការស្រាវជ្រាវនូវបច្ចេកវិទ្យាកសិកម្ម ដែលឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃវិស័យកសិកម្ម និងជីវភាពរបស់កសិករនៅកម្ពុជា និងពិនិត្យមើលនូវដំណើរការវិវឌ្ឍថ្មីៗទៀតនាពេលខាងមុខ ដើម្បីធានាឱ្យការស្រាវជ្រាវផ្សារភ្ជាប់នឹងដំណើរការនៃការវិវឌ្ឍសេដ្ឋកិច្ច៕ ដោយ៖កូឡាប