Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ឯកសារ​ទស្សនាទាន​សម្រាប់​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ឯកសារ​ទស្សនាទាន​សម្រាប់​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​។ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា មាន​តួនាទី ផ្តល់​សេវា​ធានា​ឥណទាន ដល់​ក្រុមហ៊ុន​អាជីវកម្ម​-​ធុរកិច្ច នៅក្នុង​វិស័យ​អាទិភាព ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន សម្រាប់​ជា​ទុន​បង្វិល​របស់​ក្រុមហ៊ុន​ទាំងនោះ សំដៅ ធានាបាន​និរន្ត​ភាព​អាជីវកម្ម។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី “​ការរៀបចំ​ឯកសារ​ទ​ស្សនា​ទាន​សម្រាប់​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន (Credit Guarantee) នៅ​កម្ពុជា​” ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​មន្ត្រី​ជំនាញការ​អន្តរជាតិ ផងដែរ​, នា​រសៀល​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។​

“​គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​”​នេះ គឺជា​យន្តការ​ឆ្លើយតប​បន្ទាន់​របស់​រាជរដ្ឋាភិបាល ស្របតាម​វិធានការ​ជុំ​ទី ៤ ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាល​នៃ​វិបត្តិ ជំងឺ​កូ​វីដ​-១៩ និង​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្រោយពី​វិបត្តិ​។ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា មាន​តួនាទី ផ្តល់​សេវា​ធានា​ឥណទាន ដល់​ក្រុមហ៊ុន​អាជីវកម្ម​-​ធុរកិច្ច នៅក្នុង​វិស័យ​អាទិភាព ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន សម្រាប់​ជា​ទុន​បង្វិល​របស់​ក្រុមហ៊ុន​ទាំងនោះ សំដៅ ធានាបាន​និរន្ត​ភាព​អាជីវកម្ម និង​សម្រប​ទៅតាម​បរិបទ​ថ្មី​នៃ​ធុរកិច្ច​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។​

​ជារួម​, បន្ទាប់ពី​ពិភាក្សា​អំពី​គោលបំណង​, ទម្រង់​នៃ​ការបង្កើត​, បញ្ហា​ប្រឈម​ដែល​រំពឹងទុក​ក្នុង​ដំណើរការ​នៃ ការបង្កើត និង​ផែនការ​សកម្មភាព​នៃ​ការអនុវត្ត​គម្រោង​, អង្គ​ប្រជុំបាន​ឯកភាព​ជាគោលការណ៍ លើ​ឯកសារ​ទស្សនាទាន សម្រាប់​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​នៅ​កម្ពុជា ។ ជា​កិច្ច​ការបន្ត​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ដោយមាន អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ជា​សេនាធិការ​, នឹង​បន្ត​នីតិវិធី​រៀបចំ​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ លិខិតបទដ្ឋាន​ចាំបាច់ និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​សាជីវកម្ម​ធានា​ឥណទាន​នេះ ឲ្យ​បាន​ឆាប់ ។​

​ទន្ទឹមនេះ​, ដើម្បី​ធានាថា​សាជីវកម្ម​ធានា​ឥណទាន ផ្តល់​ការធានា​ឥណទាន​ចំ​ទិសដៅ ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង​ដំណាក់កាល​បន្ទា​ន់ នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ដោយមាន​អគ្គនាយកដ្ឋាន​គោលនយោបាយ​ជា​សេនាធិការ​, នឹង​រៀបចំ​គោលនយោបាយ សម្រាប់​ការផ្តល់​ធានា​ឥណទាន​នេះ ដោយ​កំណត់​វិស័យ​, ប្រភេទ​ក្រុមហ៊ុន និង​ប្រភេទ អាជីវកម្ម ជាដើម ដែលមាន​សក្តានុពល​ទ​ទួល បានការ​ធានា​ឥណទាន​ពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ។​

​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក៏ដូចជា​មន្ត្រី​ជំនាញការ​អន្តរជាតិ ដែល​ខិតខំ​រៀបចំ​ឯកសារ​ទស្សនាទាន សម្រាប់​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​នេះ​៕

ដោយ : កូឡាប

×