Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ទុកពេល​ឲ្យ​ចិន ៧២​ម៉ោង​ដើម្បី​បិទ​ស្ថាន​កុងស៊ុល​ខ្លួន​នៅ Houston ជុំវិញ​ការចោទប្រកាន់​ពីបទ​ចារកម្ម​

​អា​មេ​រិច​បាន​ទុក​រយៈពេល​ជិត ៧២​ម៉ោង​ដល់​ចិន ដើម្បី​បិទ​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅក្នុង​ទីក្រុង Houston រដ្ឋ Texas ចំពេល​មានការ​ចោទប្រកាន់​ពីបទ​ចារកម្ម ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ធ្លាក់ចុះ​កាន់តែខ្លាំង​។​

​ក្រសួងការបរទេស​ចិន​បាន​ហៅ​វិធានការ​នោះ​ថា ជាការ​ធ្វើ​ឲ្យ​រឿង​កាន់តែ​ធំ​ដែល​មិន​ធ្លាប់មាន និង​បាន​គំរាម​ធ្វើការ​សងសឹក​វិញ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​និយាយថា ស្ថានទូត​ចិន​នៅ​អា​មេ​រិច បានទទួល​ការ​គំរាម​សម្លាប់ និង​បំផ្ទុះ​គ្រាប់បែក ដោយសារតែ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​ការ​ស្អប់ ដែល​គាំទ្រ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​។​

​អ្នកស្រី​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ដូច្នេះ​ថា “​អា​មេ​រិច​គួរតែ​ដក​សេចក្តីសម្រេចចិត្ត​ដែល​មិន​ត្រឹមត្រូវ​របស់ខ្លួន​ចេញ​វិញ​។ ចិន​ប្រាកដជា​នឹងមាន​ប្រតិកម្ម​តប​វិញ​”​។​

​ប្រភពព័ត៌មាន​មួយ​បាន​និយាយថា ទីក្រុង​ប៉េកាំង​កំពុង​ពិចារណា​បិទ​ស្ថាន​កុងស៊ុល​របស់​អា​មេ​រិច​នៅក្នុង​ទីក្រុង​វូ​ហាន ដើម្បី​ជាការ​សងសឹក​វិញ​។​

​ក្រសួងការបរទេស​អា​មេ​រិច​និយាយថា ស្ថាន​កុងស៊ុល​ចិន​នៅក្នុង​ទីក្រុង Houston ត្រូវបាន​បិទ ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញា​អា​មេ​រិច និង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​អា​មេ​រិច​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បានធ្វើការ​ចោទប្រកាន់​ចិន​ជាថ្មីទៀត​ពី​ការ​លួច​កម្មសិទ្ធិ​បញ្ហា​របស់​អា​មេ​រិច និង​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​បាត់បង់​ការងារ​រាប់សែន​។​

​ទោះយ៉ាងណា​លោក​មិនបាន​និយាយ​លម្អិត​ពី​ស្ថាន​កុងស៊ុល​នៅក្នុង​ទីក្រុង Houston ឡើយ​។ លោក​បានលើកឡើង​ពី​ការចោទប្រកាន់​របស់​ក្រសួងយុត្តិធម៌​អា​មេ​រិច​កាលពី​ថ្ងៃ​អង្គារ​ទៅលើ​ជនជាតិ​ចិន ២​នាក់ ដែល​ខ្លួន​ហៅថា​ជា​យុទ្ធនាការ​ចារកម្ម​តាម​អ៊ឺ​ន​ធឺ​ណិ​ត​អស់​រយៈពេល​មួយ​ទសវត្សរ៍​ដែលមាន​គោលដៅ​លើ ក្រុមហ៊ុន​ផ្គត់​ផ្គង​ផលិត​ដល់​សល់​យោធា អ្នកស្រាវជ្រាវ COVID-19 និង​ជនរងគ្រោះ​រាប់រយ​នាក់​ទៀត​ទូទាំង​ពិភពលោក​។​

​អ្នកការទូត​ចិន​ម្នាក់ ដែល​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​បានធ្វើ​ការបដិសេធ​ការចោទប្រកាន់​បទ​ចារកម្ម​នោះ និង​បាន​និយាយថា បេសកកម្ម​របស់​ចិន​នៅ​ទីក្រុង Houston មាន​សកម្មភាព​ដូចគ្នា​ទៅនឹង​ស្ថាន​កុងស៊ុល​របស់​ចិន​ទាំងអស់ នៅ​អា​មេ​រិច ដូចជា​ការចេញ​ទិ​ដ្ឋ​ការ ផ្សព្វផ្សាយ​ការ​ទស្សនា និង​ការធ្វើ​ជំនួញ​។​

​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ចិន​កំពុងស្ថិត​ក្នុងស្ថានភាព​អាក្រក់​ទៅៗ​ក្នុងឆ្នាំនេះ ដោយសារតែ​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា បច្ចេកវិទ្យា​របស់ Huawei ការដាក់​ច្បាប់​របស់​ចិន​លើ​ទីក្រុង​ហុងកុង និង​ការ​លុកលុយ​ចង់​ក្តោប​ក្តាប់​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×