ត្បូងឃ្មុំ៖បុរសម្នាក់ អាយុ២១ឆ្នាំ បានស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង។ បុរសនោះ បានធ្វើចត្តាឡីស័ក៣ថ្ងៃហើយហើយ មូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យបុរសនោះស្លាប់មិនដឹងនៅឡើយ។
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះថា មានបុរសជនជាតិខ្មែរម្នាក់បានស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ជនជាតិខ្មែររូបនេះបានស្លាប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧និង៣០យប់មិញ អំឡុងពេលធ្វើចត្តាឡីស័កបាន ៣ថ្ងៃ ជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន១០នាក់។
មន្ត្រីជំនាញ បានចុះទៅធ្វើកោសល្យវិច្ច័យសាកសព ហើយសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គ ។ បុរសនោះ ប្រហែលជាលួចទិញថ្នាំពីខាងក្រៅ យកទៅលេប ហើយលោក សន្និដ្ឋានជាបឋមថា បុរសនោះ ទំនងជាទិញថ្នាំនោះលេបច្រឡំ ក៏បណ្តាលឲ្យប្រតិកម្ម រហូតដល់ស្លាប់។
ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះ គឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៊ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃមុនចូលមកដល់កម្ពុជាវិញ។
លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បួងឃ្មុំ ប្រាប់សារព័ត៌ក្នុងស្រុកថា លោក ទទួលបានព័ត៌មានពីករណីស្លាប់របស់បុរសនោះ នៅម៉ោងប្រមាណ៨យប់ ថ្ងៃទី២២កក្កដា ហើយមិនទាន់ដឹងច្បាស់ឡើយថា បុរសនោះស្លាប់ដោយសារតែលេបថ្នាំច្រឡំឬគាំងបេះដូង ឬមួយក៏មកពីមូលហេតុអ្វីផ្សេង។ ក្រុមគ្រូពេទ្យជំនាញ បានចុះទៅពិនិត្យផ្ទាល់ ដើម្បីរកមូលហេតុពិតនៃការស្លាប់របស់បុរសនោះ។ ក្រុមគ្រូពេទ្យ បានយកសំណាករបស់បុរសនោះ ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងរាជធានីភ្នំពេញ ដើម្បីដឹងថា គាត់ មានមេរោគកូវីដ-១៩ ឬក៏អត់ ហើយក៏ដើម្បីដឹងថា គាត់ មានជំងឺអ្វីផ្សេងដែរ ដែលបណ្តាលឲ្យស្លាប់៕ដោយ៖បញ្ញាស័ក្តិ