ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាមានមាសសុទ្ធរហូតដល់ទៅ ៣៦,៥តោន ខណៈកាលពីឆ្នាំមុន សម្តេចបានប្រកាសថា កម្ពុជាមានមាសប្រមាណ៣០តោន ហើយសម្តេចថា កម្ពុជា មិនមែនជាមាយាទស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការបញ្ជាក់ពីរឿងចំនួនមាសនេះ ដើម្បីឆ្លើយតបទៅនឹងការលើករបស់មនុស្សមួយចំនួនតូច ដែលបានវាយប្រហាររាជរដ្ឋាភិបាលថា យកមាសនេះទៅលក់ដោះស្រាយបញ្ហាជាតិបង្កដោយជំងឺកូវីដ១៩។
តាមរយៈទំព័រហ្វេសប៊ុកSamdech Hun Sen, Cambodian Prime Ministerនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា មួយរយៈពេលចុងក្រោយនេះមានបងប្អូនយើងមួយចំនួនចង់ដឹងអំពី
មាសដែលជាទុនបម្រុងរបស់ជាតិ។ ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅ មានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាស ដើម្បីវាយប្រហាររាជរដ្ឋាភិបាលថា ចង់បន្លំយកមាសក្នុងពេលមានជំងឺឆ្លងកូវីដ១៩ ព្រោះមិនដែលឮលោកហ៊ុន សែននិយាយពីមាសនេះទៀតទេ។ ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធនាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់ និងអបអរសាទរជាមួយទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។
សម្តេចតេជោ បានបញ្ជាក់ថា “ប្រហែលមួយឆ្នាំមុន ខ្ញុំធ្លាប់ប្រកាសថាមាសរបស់យើង មាន៣០តោនតែតាម
តួលេខថ្មីនេះ មាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមារយាទស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ”។
យោងតាមសេចក្តីបំភ្លឺរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមនេះ ចំនួន ១២,៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស។ ១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស ហើយមាស ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។ បច្ចុប្បន្នកម្ពុជា ក៏មានទុនបម្រុងអន្តរជាតិប្រមាណជា ១៩,៥ប៊ីលានដុល្លារផងដែរ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០៕ដោយ៖កូឡាប