ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី ។
សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ៨ ខែ កក្ដដា ឆ្នាំ ២០២០ សម្រេចត្រូវបានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវករណីការរុករាន ទន្ត្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី ។
បើតាមប្រភពពីមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់មាន មន្ត្រីពាក់ព័ន្ធជាង ២០ នាក់ រួមទាំង អភិបាលខេត្ត មណ្ឌលគីរី អភិបាលស្រុកកោះញែក ស្រុក អូររាំង សមាជិកព្រឹទ្ធសភា ឧត្ដមសេនីយ៍ ។ ល ។ ត្រូវបានឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី គោរពស្នើសុំគោលការណ៍ពី សម្ដេចតេជោ ហ៊ុន សែន ដើម្បី កែសម្រួលភារកិច្ច និង ដកហូតមុខតំណែង ព្រោះ ពាក់ព័ន្ធនឹងការគប់គិតគ្នាទន្ទ្រានយកដីរដ្ឋធ្វើកម្មសិទ្ធិ ។
ចំណែកលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ត្រូវបានដកហូតមុខតំណែង និងចាប់ខ្លួនបញ្ជូនទៅពន្ធនាគារឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការទន្ទ្រានយកដីរដ្ឋនៅខេត្តមណ្ឌលគិរីច្រើនជាង ១០០០ ហិកតា ។
មហាជនមានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលើមន្ត្រីទន្ទ្រានយកដីរដ្ឋទាំងនោះ ៕
ដោយ៖កូឡាប