សៀមរាប ៖ មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យទាំង ៣កន្លែង មានទីតាំងនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវសមត្ថកិច្ចចម្រុះ ចុះផ្អាក។ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពក្រុងសៀមរាប សហការជាមួយ ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានចុះល្បាតត្រួតពិនិត្យ និង ធ្វើការផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ KTV)ចំនួន៣កន្លែង : ១.ខារ៉ាអូខេ ម៉ាយ វ៉យ My Voice KTV ២.ខារ៉ាអូខេ ពន្លឺ គ្រួសារ Ponleu Krousar KTV ៣. ខារ៉ាអូខេ សំនៀងគ្រួសារ Samnieng Krousar KTV
ក្រោយធ្វើការត្រួតពិនិត្យ ជាលទ្ធផលគឺមិនមានច្បាប់អនុញ្ញាតអាជីវកម្ម ហើយលួចបើកអាជីវកម្ម ល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ដោយមានគោលការណ៍ពីថ្នាក់ដឹកនាំ ក្រុមការងារចម្រុះ បានធ្វើកំណត់ហេតុកិច្ចសន្យា ណែនាំឲ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន ហើយត្រូវដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ រហូតដល់មានការណែនាំរបស់រាជរដ្ឋាភិបាលជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានឡើងវិញ៕
ដោយ៖បញ្ញាស័ក្តិ