ភ្នំពេញ៖ ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៍ ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន បើកប្រតិបត្តិការ បង្ក្រាបជនសង្ស័យ ៤នាក់(អនីតិជន) ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ពីស្ត្រីជនបរទេស ម្នាក់បានសម្រេច។
កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី មានជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពឆក់ កាបូបពីនារី ជាជនជាតិជប៉ុនម្នាក់ បានសម្រេចនៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជនសង្ស័យបាន រត់គេចខ្លួនបាត់អស់ទៅ លុះដល់ថ្ងៃនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេល៩ថ្ងៃ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានបើកប្រតិបត្តការស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ នៅទីតាំងផ្សេងគ្នា និង បានធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IC-1459 ជាម៉ូតូធ្វើសកម្មភាព។
ប្រតិបត្តិការនេះ មានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និង ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្ទាល់លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ។
ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនមានឈ្មោះ : ទី១ ឈ្មោះ ផែន តុង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (អ្នកឆក់) ។ ទី២ ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (អ្នកឌុប) ។ ទី៣ ឈ្មោះ ហេង យីហុង ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូពេញ រាជធានីភ្នំពេញ មុខរបរ សិស្ស (បិទគូទ)។ ទី៤ឈ្មោះ អៀង សុភារីន ភេទស្រី អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២១អឺ០ ផ្លូវលេខ ២៣ សង្កាត់ជ័យជំនេះ ខណ្ឌដូពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖បញ្ញាស័ក្តិ