ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង និងបកស្រាយអំពីករណីបុរសអាយុ២១ឆ្នាំស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ។
តាមហេតុការណ៍ ជាការសន្និដ្ឋានបឋមការស្លាប់អាចបណ្តាលមកពី ខ្យល់គរភ្លាមៗ ប្រតិកម្មថ្នាំដែលលេបច្រើនមុខពេក និងមានសមាសធាតុដូចគ្នាច្រើន ដោយសារការលេបថ្នាំច្រើនមុខក្នុងពេលតែមួយ អាចឈ្លក់ នឹងចូលបំពង់ខ្យល់ ឬអាចមានបញ្ហាសុខភាពមិនជាក់លាក់ផ្សេងទៀត។
ដោយអនុវត្តតាមវិធានសុខាភិបាល ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានណែនាំអំពីវិធានការដូចជា បង្ខំធ្វើការបញ្ចុះសពទាំងយប់ ចៀសវាងការចម្លងរោគជាយថាហេតុ មិនអនុញ្ញាឲ្យចំអាសទឹក យកសំណាកវត្ថុវិភាគសាមីសព ផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ដើម្បីរកមើលវត្តមានវីរុសកូវីដ១៩។ ជាលទ្ធផលនៃការវិភាគរប់សមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបាននៅថ្ងៃទី២៣ខែកក្កដានេះ បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩។ ដូច្នេះការសន្និដ្ឋានលើករណីស្លាប់នេះ គឺអាចបណ្តាលមកពីខ្យល់គរ គួបផ្សំនឹងការលេបថ្នាំច្រើនមុខពេក ដែលសរីរាង្គគាត់មិនអាចទ្រាំទ្របាន៕
ដោយ៖កូឡាប