Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង ផ្តល់ជំនួយ ១,៥​លាន​អឺរ៉ូ ដើម្បី​ចូលរួម​ស្តារឡើងវិញ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ Covid-19

​ភ្នំពេញ ៖ រដ្ឋាភិបាល​បារាំង តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១,៥​លាន​អឺរ៉ូ (​ប្រមាណ​១,៧​លាន​ដុល្លារ​) ដើម្បី​ចូលរួម​ស្តារឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោយ​វិបត្តិ Covid-19​។​

​វិស័យនេះ បាន​រង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ អំឡុងពេល​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយសារតែ​ការបាត់បង់​នូវ​ភ្ញៀវ​បរទេស​មក​កម្ពុជា រួមទាំង​ការផ្អាក​ជើងហោះហើរ ចេញពី​បណ្តា​ប្រទេស​មួយចំនួន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​។​

​ក្នុងជំនួប​ពិភាក្សា​ការងារ​លើ​គម្រោង​ស្តារឡើងវិញ​ក្នុង​វិស័យ​ទេសចរណ៍ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​រវាង​ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ឯកឧត្ដម ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អា​តនៃ​ក្រសួងទេសចរណ៍ តំណាង​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​ឯកភាពគ្នា​ប្រើប្រាស់​ហិរញ្ញប្បទាន ១.៥​លាន​អឺរ៉ូ ក្រោម​គម្រោង​ពង្រឹងសមត្ថភាព​ក្នុង​វិស័យ​ទេសចរណ៍ (២០២០-២០២៣) ដើម្បី​ចូលរួម​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ស្តារឡើងវិញ លើ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ជំនួប​ពិភាក្សា​ការងារ​នេះ​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ដឹកនាំ​ដោយ​លោកស្រី Ophelie BOURHIS ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) ប្រចាំ​កម្ពុជា និង​មានការ​ចូលរួម​ពី​អាជីវករ​ទេសចរណ៍​ជា​ជនជាតិ​បារាំង​នៅ​កម្ពុជា​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​ការដាក់ចេញ​វិធានការ​គាំទ្រ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩ និង​ចាប់ផ្តើម​ពី​ការអនុវត្តន៍ វិធាន​សុវត្ថិភាព​ទេសចរណ៍ ការជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដើម្បី​ធានាថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​គុណភាព និង​កក់ក្តៅ​សម្រាប់​ភ្ញៀវទេសចរ និង​បាន ពិភាក្សា​បន្ថែម​អំពី​ធាតុ​ចូល (Inputs) សម្រាប់​ការរៀបចំ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ត្រៀម​ស្តារឡើងវិញ​នៃ​កំណើន​ទេសចរណ៍ ឆ្នាំ​២០២០-២០២៣ ផងដែរ​។​

​ឯកឧត្ដម ណេ​ប សាមុត បានឱ្យដឹង​ទៀតថា នៅក្នុង​កិច្ចប្រជុំ​នេះដែរ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង បាន​គាំទ្រ​ក្នុងការ​ប្រើប្រាស់​គម្រោង​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍ បារាំង​ពង្រឹង​ស្តារឡើងវិញ​ក្នុង​វិស័យ​ទេសចរណ៍​ក្រោម​ហិរញ្ញប្បទាន ១,៥ លាន​អ៊ឺ​រ៉ូ របស់ខ្លួន នឹង​ប្រើប្រាស់​លើ​គម្រោង​សកម្មភាព​ចំនួន​២៤ គម្រោង​សម្រាប់ ចូលរួម​ផែនការ​ស្តារឡើងវិញ​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩ ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ​។​
​សូមបញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ទាំង​២៤​នេះ មាន​ធាតុ​ចូល​សំខាន់ៗ​ចំនួន​៣ ដែលមាន​ដូចជា​៖ ការជួយ​ពង្រឹង​អភិបាលកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ ដែលមាន​ការជួយ ពង្រឹងសមត្ថភាព ពង្រឹង​រចនាសម្ព័ន្ធ​វិស័យ​ឯកជន​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ , ការជួយ​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​ភាពជា​ដៃគូ​រដ្ឋ​និង​ឯកជន​, ការជួយ​រៀបចំ​គម្រោង​ចាំបាច់ ដើម្បី​ជួយ​រៀបចំ​វិស័យ​ទេសចរណ៍​គម្រោង​ជួយ​គាំទ្រ​ផ្នែក​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​គម្រោង​ជួយ​អេកូ​ទេសចរណ៍ ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​ទីក្រុង​៕ ដោយ​៖​កូ​ឡាប​

×