អាមេរិច បានធ្វើការចោទប្រកាន់ជនជាតិចិនចំនួន ៤នាក់ ពីបទក្លែងបន្លំទិដ្ឋការ ដោយសារតែកុហក អំពីសមាជិកភាពរបស់ពួកគេ នៃកងកម្លាំងចិន។
មនុស្សចំនួន ៣នាក់ត្រូវបានចាប់ខ្លួន ខណៈដែលការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) កំពុងស្វែងរកការចាប់ខ្លួនជនទី ៤ ដែលត្រូវគេដឹងថា កំពុងលាក់ខ្លួននៅក្នុងស្ថានកុងស៊ុលចិន ស្ថិតក្នុងទីក្រុង San Francisco។
ភ្នាក់ងារ FBI ក៏បានធ្វើការសម្ភាសមនុស្សជាច្រើននៅក្នុងទីចំនួន ២៥ ដែលមានការទាក់ទងគ្នាជាមួយនឹងយោធាចិន។
ព្រះរាជអាជ្ញាអាមេរិចបាននិយាយថា វាគឺជាផ្នែកមួយនៃគម្រោងរបស់ចិនក្នុងការបញ្ជូនអ្នកវិទ្យាសាស្ត្រយោធាមកកាន់ទឹកដីអាមេរិច។
សមាជិកនៃកងទ័ពរំដោះប្រជាជន បានដាក់ស្នើសុំទិដ្ឋការស្រាវជ្រាវ ខណៈដែលពួកគេបានលាក់ព័ត៌មានពិតប្រាក់ នៃការទំនាក់ទំនងពួកគេជាមួយនឹងយោធា។ នេះបើតាមការបញ្ជាក់របស់មេធាវីក្រសួងយុត្តិធម៌អាមេរិច John C Demers និយាយក្នុងសេចក្តីប្រកាស។
លោកថ្លែងថា “នេះជាផ្នេកមួយនៃផែនការរបស់បក្សកុម្មុយនិស្តចិន ក្នុងទាញយកផលប្រយោជន៍ ពីសង្គមបើកចំហររបស់ពួកយើង និងគេងប្រវ័ញ្ចពីវិទ្យាស្ថានអប់រំ”។
ការចាប់ខ្លួនបានកើតឡើង ក្រោយពេលអាមេរិចបានប្រកាសថា អ្នកវិទ្យាសាស្ត្រចិនបានជ្រកកោននៅស្ថានកុងស៊ុល San Francisco និងមួយថ្ងៃក្រោយពេលអាមេរិចបញ្ជាឲ្យធ្វើការបិទកុងស៊ុលចិននៅក្នុងទីក្រុង Houston ដោយអាមេរិចបញ្ជាក់ថា បេសកកម្មចិននៅទីនោះជាប់ពាក់ព័ន្ធនឹងការលួចកម្មសិទ្ធិបញ្ញា។
កាលពីថ្ងៃព្រហស្បតិ៍ មុនពេលមានការចាប់ខ្លួនជនជាតិចិនទាំងនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បានចាត់ទុកការចោទប្រកាន់របស់អាមេរិចថាជាការបង្កាច់បង្ខូច ហើយភាគីចិនប្រកាសថា ខ្លួនត្រូវតែចាត់វិធានការចាំបាច់ដើម្បីការពារ សិទ្ធិស្របច្បាប់របស់ខ្លួនវិញ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិច និងចិនកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ទៅៗក្នុងឆ្នាំនេះ ដោយសារតែបញ្ហាជាច្រើន ដូចជាបញ្ហាផ្ទុះវីរុសកូរ៉ូណា បច្ចេកវិទ្យារបស់ Huawei ការដាក់ច្បាប់របស់ចិនលើទីក្រុងហុងកុង និងការលុកលុយចង់ក្តោបក្តាប់ដែនទឹកនៅក្នុងសមុទ្រចិនជាដើម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC