ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការឆ្លងថ្នល់ មិនប្រឈមនឹងគ្រោះថ្នាក់។ ស្ពានអាកាសថ្មើរជើងផ្សារដើមគ គឺជាសមិទ្ធផលថ្មីដែលបម្រើឲ្យបងប្អូនប្រជាពលរដ្ឋ ជួយកាត់បន្ថយនូវហានិភ័យពេលឆ្លងថ្នល់ដែលមានលំហូរចរាចរណ៍មមាញឹក។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការស្ពានអាកាសថ្មើរជើងថ្មីនេះគឺជាសមិទ្ធផលមួយក្នុងយុគ្គសម័យ កូវីដ១៩ ដែលជាអំណោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមបានបន្តថា ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ និងជួយកាត់បន្ថយហានិភ័យនៃការដើរឆ្លងផ្លូវ កាត់បន្ថយការកស្ទះចរាចរណ៍ សម្រួលលំហូចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រង ។
ការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្សារដើមគរនេះ គឺសម្រាប់បម្រើឲ្យប្រជាពលរដ្ឋទូទៅ និងមិនមែនសម្រាប់តែប្រើជាពលរដ្ឋនៅម្តុំតំបន់នោះទេ ។
ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅលើមហាវិថីម៉ៅសេទុងបានបើកការដ្ឋាន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដែលម៉ៅការសាង់ដោយក្រុមហ៊ុន Space Media ប្រើប្រាស់រយៈពេលសាងសង់៧ខែ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ។ ស្ពានអាកាសផ្សារដើមគរនេះមានបណ្តោយ ២៨ ម៉ែត្រ ទទឹង ៣,៤ម៉ែត្រ ទទឹងផ្លូវដើរផ្នែកខាងក្នុង ២,៨ម៉ែត្រ កម្ពស់៥,៥ម៉ែត្រ ៕ ដោយ៖កូឡាប