រតនគិរី ៖ ករណីឃាតកម្មលើយុវជនម្នាក់ ដោយឃាតករប្រើកកាំបិតចាក់ និងប្រើដំបងវាយ និងវះមុខជាច្រើនកាំបិត ក្រោយពេលយុវជនរងគ្រោះ ផឹកស៊ីជាមួយបុរសម្នាក់ទៀត រួចក៏បានបបួលគ្នាទៅឆ្លុះកង្កែប។ សពត្រូវបានគេប្រទះឃើញស្លាប់ ក្នុងចម្ការចេករបស់ក្រុមហ៊ុនហ័ងអាញ់ ភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃត្រង់ទី២៤ ខែកក្កដា ឆ្នាំ២០២០ ចំណែកបុរសម្នាក់ទៀត ដែលសង្ស័យជាឃាតករនោះ បានរត់គេចខ្លួនបាត់។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសេរីមង្គល ចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសាកសព។ ជាលទ្ធផលឃើញថា ជាករណីឃាតកម្ម (ចាក់នឹងកាំបិត និងវាយដំបង) មានស្លាកស្នាមអារ-ក និងវះមុខជាច្រើនកាំបិត។ កាលពីវេលាម៉ោង២០និង១០នាទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ជនរងគ្រោះឈ្មោះ គឹម សារឿន ហៅតុង អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិទ្រន់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានផឹកស៊ីជាមួយជនសង្ស័យឈ្មោះ បាក់ ណាន អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិបឹងកំពត ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ក្រោយពីផឹកស៊ីរួចនៅម៉ោងប្រមាណ៨យប់ ថ្ងៃកើតហេតុ ក៏បានបបួលគ្នាទៅឆ្លុះកង្កែប ហើយក៏បានបាត់តាំងពីពេលនោះមក រហូតដល់ម៉ោង១៥ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក៏ត្រូវបានប្រទះឃើញសាកសពជនរងគ្រោះនៅចម្ការចេកតែម្តង។
ជនសង្ស័យឈ្មោះ បាក់ ណាន បានមកធ្វើកម្មករនៅចម្ការចេក ក្រុមហ៊ុនហ័ងអាញ់ បានរយៈពេល៦ខែមកហើយ ក្រោយពីធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់។
សូមបញ្ជាក់ថា នៅកន្លែងកើតហេតុឃើញបន្សល់វត្ថុតាងមាន ស្បែកជើង២គូ កាំបិតសតូចចុងស្រួច១ និងដំបងឈើ២កំណាត់ មានប្រឡាក់ឈាមជាប់តិចៗ៕
ដោយ៖បញ្ញាស័ក្តិ