Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូវីដ១៩ចូលតាមជើងហោះហើរ ហាក់មិនថមថយ , រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ២៣​នាក់ និង​មាន​អ្នកជា​សះស្បើយ ១​នាក់ នៅ​ថ្ងៃទី​២៤​កក្កដា​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ចេញ​សេចក្តីប្រកាស​ព័ត៌មាន ពី​ការរកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​២៣​ករណី​ថែមទៀត និង​មាន​អ្នកជំងឺ​១​នាក់​បានជា​សះស្បើយ​។​

​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​បាន​រកឃើញ​នៅ​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០ សរុប​ចំនួន​២៣​នាក់ (​ស្រី​២​នាក់​) ក្នុងនោះ​មាន​ជនជាតិខ្មែរ​១៩​នាក់ (​ស្រី​១​នាក់​) និង​ជនជាតិ​ឥណ្ឌូណេស៊ី​៤​នាក់ (​ស្រី​១​នាក់​) ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​ចំនួន​៣​ផ្សេងគ្នា គឺ​ជើងហោះហើរ AK 538 មាន​ករណី​វីរុស​កូ​វីដ​១៩ មាន​ចំនួន​៤​នាក់ (​ស្រី​១​នាក់ ) ជា​ជនជាតិ​ឥណ្ឌូណេស៊ី​។ ជើងហោះហើរ KR 708 មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ជនជាតិខ្មែរ​ចំនួន​៤​នាក់ (​ស្រី​១​នាក់​) ។ សម្រាប់​ការធ្វើ​តេស្ត​លើក​ទី​៣ នៃ​ក្រុម​បុរស​ជនជាតិខ្មែរ ជា​អ្នកដំណើរ​មកពី​ប្រទេស​រុស្ស៊ី និង​អេ​ហ្ស៊ី​ប តាម​ជើងហោះហើរ​ម៉ាឡេស៊ី មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០២០ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​១៥​នាក់​។ ចំណែក​ករណី​ជាសះស្បើយ​មាន​១​នាក់ បុរស​ជនជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ជុំ​ទិច ឃុំ​ជុំ​ទិច ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី ។

លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២៥​កក្កដា​នេះ​ថា “​លទ្ធភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ចូល​សហគមន៍ យើង​មិនអាច​មើលរំលង​បានឡើយ​។ ដូច្នេះហើយ បានជា​ក្រសួងសុខាភិបាល តែងតែ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​កិច្ចការពារ​ខ្លួន​ជាប់​ជានិច្ច​។ ថ្ងៃនេះ ថ្វីត្បិតតែ​ការរកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២៣​នាក់ ទៀត ជា​ករណី​នាំចូល​ក៏ពិតមែន តែ​វា​ជា​ចំនួន​ច្រើនណាស់ ដែល​យើង​មិនអាច​ដឹងបាន​ថា តើ​បន្ត​ទៅមុខទៀត​យ៉ាងណាដែរ​នោះទេ​? ដូច្នេះ សូម​អ្នកដើរ​កម្សាន្ត​ទាំងអស់ ត្រូវតែ​ចេះ​ប្រុងប្រយ័ត្ន​មែនទែន ដោយសារ​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដែល​អាច​កើតមាន​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​ទាំងអស់​។ សុំ​កុំ​ភ្លេចខ្លួន និង​សុំ​កុំ​សន្តិភាព​និយម​ជាមួយ​វីរុស​កូ​វីដ​-១៩ នេះ​ឲ្យ​សោះ​។ សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខ​ភាពល្អ ចៀសផុត​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​មក​បុគ្គល មក​ក្រុមគ្រួសារ និង​ចៀស​ផុតពី​ការចម្លង​ចូល​សហគមន៍​ជា​បន្តទៀត​។ សូម​រីករាយ​ថ្ងៃ​ចុង​សប្តាហ៍​ទាំងអស់គ្នា និង​សូម​អរគុណ​”​៕

​ដោយ​៖​កូ​ឡាប​

 

×